ឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ កម្លាំងនគរបាលខេត្តស្វាយរៀង បានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ជាមួយនឹងថ្នាំញៀន ជិត ២០គីឡូក្រាម
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តស្វាយរៀង បានបញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនចំនួន២នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ជាមួយនឹងថ្នាំញៀន ជិត ២០គីឡូក្រាម ដែលពួកគេបម្រុងលួចដឹកឆ្លងចូលទឹកដីប្រទេសវៀតណាម ។
ប្រភពពីមន្ត្រីប៉ូលិសបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលានេះថា សមត្ថកិច្ចប៉ូលិសរួមសហការជាមួយ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះទី១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើរស់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅភ្នំពេញ។ ជននេះជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញ ឆ្លងដែនទៅវៀតណាម។ ទី២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិនិងសង្កាត់ជាមួយគ្នា ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញឆ្លងដែនទៅវៀតណាម។
ប្រភពដដែលបន្តទៀតថា កិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះចាប់បានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ៣,៥០២ក្រាម និងថ្នាំមេតំហ្វេតាមីនទម្ងន់ ២,៩៨៦ក្រាម ថ្នាំកេតាមីនទម្ងន់ ១៣,០០០ក្រាម សរុបទម្ងន់ ១៩.៤៨៨គីឡូក្រាម អាវុធខ្លីធុន K54 ចំនួន១ដើម បង់១ គ្រាប់ចំនួន ៨គ្រាប់ ម៉ូតូ១គ្រឿង និងកាបូបធំសម្រាប់ដាក់ថ្នាំញៀនចំនួនមួយ៕