អភិបាលរាជធានី អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦និងថ្ងៃទី ២៧ តុលាខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានបងប្អូន។
ការអំពាវបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ តុលានេះ ខណៈដែរឯកឧត្តម ត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមានការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៥ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។
បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការស្នើសុំទៅដល់ក្រសួងធនទឹកនិងឧត្តុនិយម បង្វែរទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ដោយសារថា ការជន់លិចរាជធានីភ្នំពេញ គឺពិតជាធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា យើងមិនបានគេចវេសពីបញ្ហានោះទេ។ ប៉ុន្តែ បើគិតពីបញ្ហាសេដ្ឋកិច្ច ខណៈលិចរាជធានីភ្នំពេញ វាពិតជាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាង នៅតាមខេត្តពាក់ព័ន្ធ។ អញ្ចឹងហើយទើបលោក ស្នើសុំទៅអាជ្ញាធរខេត្តកំពង់ស្ពឺ សូមឲ្យមានការយល់ ។ លោកបានបញ្ជាឲ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយនេះ ។ ដោយឡែក ភ្នំពេញយើង កន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ គឺយើងបានធ្វើកិច្ចការងារនេះយ៉ាងសកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។ បន្ថែមពីលើនេះទៀត លោកក៏បានស្នើសុំទៅកម្លាំងកងអង្គរក្ស នូវកម្លាំងប្រមាណ ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានផ្តល់នូវអេស្កាវ៉ាទ័រចំនួន ១៥គ្រឿង ដាក់លើទីតាំងនេះផងដែរ ដើម្បីទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ ។
ឯកឧត្តម បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបាន
ដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងនេះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យកើតឡើងភ្លាម គឺយើងអាចជួយពួកគាត់បានភ្លាមៗ ៕ អរគុណសន្តិភាព