Detail Top Banner

ស្រ្តីកើតជំងឺកូវីដ.១៩ម្នាក់ ចោទប្រកាន់ថា គ្រូពេទ្យមិនយកចិត្តទុកដាក់ រើសអើងអ្នកជំងឺ ទុកឱ្យកូននាងស្លាប់ តែប្រធានមន្ទីរពេទ្យបានបកស្រាយថា នាងនិយាយមិនមែនជាការពិត


ខេត្តប៉ៃលិន៖ ស្រ្តីជាម្តាយ បានរៀបរាប់នៅក្នុងឃ្លីបវីដេអូមួយ មានរយ:ពេលប្រមាណជាង៣នាទី ក្រោយពេលកូនរបស់ខ្លួនស្លាប់ បានឱ្យដឹងថា ក្រោយពីសម្រាលកូនរួចហើយ ហេតុអ្វីបានជាមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាំងមូលអត់មាន សូម្បីតែម៉ាស៊ីនកំដៅ ឱ្យមានភាពកក់ក្តៅ បែរជាឱ្យប្តីរបស់នាង ដាំទឹកក្តៅ ដាក់ជុំវិញកូនរបស់ខ្លួន ដើម្បីឱ្យមានកំដៅទៅវិញ ។ ប្រភពបន្តទៀតថា ក្រោយមក ក៏បានដាក់ខ្យល់អុកស៊ីហ្សែនច្រមុះកូនរបស់ខ្លួន តាំងពីល្ងាច រហូតដល់ពេលព្រឹក លុះនាងជំរុញឱ្យគ្រូពេទ្យបញ្ជូនទៅខេត្តផ្សេង គេមិនព្រម ដោយប្រាប់ថា មានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។ នាងបន្តថា បើឃើញម្តាយកើតជំងឺកូវីដ ១៩ ហើយគ្រូពេទ្យទុកកូនតូចចោល នោះជីវិតកូនរបស់ខ្លួន ពិតជាគ្មានតម្លៃអ្វីនោះទេ ដោយគ្រាន់តែបង្កើតកូនរួចហើយ ឃើញម្តាយមានជំងឺនេះ ក៏រើសអើង ដោយបោះបង់ចោលនៅក្នុងបន្ទប់ ដែលនាងបានសម្រាល មានកំទេចធូលីដីគគ្រេច នៅក្នុងអគារក្រោយធំ ។ នាងបញ្ជាក់ទៀតថា ប្រហែលជាមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រើសអើង ដោយសារឃើញនាងរហេមរហាម គ្មានលុយ គ្មានសមត្ថភាព ដើម្បីបញ្ជូនកូនខ្លួន ទៅខេត្តបាត់ដំបង ។ បើពេទ្យ ត្រូវការលុយ ម្តេចក៏មិនប្រាប់? ដោយសម្រាលវេលាម៉ោង៣រសៀល ទុករហូតដល់១យប់ពេញ នៅជាមួយនឹងម្តាយកើតកូវីដ ១៩ ដោយមិនបានយកទៅដាក់សង្គ្រោះ នៅកន្លែងកុមារនោះឡើយ ។


ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកវេជ្ជបណ្ឌិត គឹម សំណាង បានស្រាយបំភ្លឺ ក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ «SSad Song» បានបង្ហោះសារ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សរសេរថា «ខ្លោចចិត្ត កូនគាត់ស្លាប់ ដោយសារតែពេទ្យរើសអើង ព្រោះគាត់មាន Covid ១៩ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន» ។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានច្រានចោលការចោទប្រកាន់របស់ស្រ្តីជាម្តាយ មកលើក្រុមគ្រូពេទ្យ ថា មិនដូចអ្វីដែលនាងជាម្តាយ បាននិយាយរៀបរាប់ ចោទប្រកាន់មកលើក្រុមគ្រូពេទ្យថា មិនបានយកចិត្តទុកដាក់ ដោយទុកឱ្យកូននាងស្លាប់ ព្រោះតែម្តាយកើតជំងឺកូវីដ ១៩ នោះឡើយ គឺក្រុមគ្រួពេទ្យស្វះស្វែង ជួយយ៉ាងយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច ដើម្បីកុំឱ្យឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យទៀតដឹងថា ស្រ្តីមានផ្ទៃពោះគ្រប់ខែម្នាក់ ផ្ទុកវីរុសកូវីដ ១៩ មានឈ្មោះ ថោង ចាន់ទីន អាយុ២៦ឆ្នាំ រស់នៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមុនដំបូង នាងបានគ្រប់ខែ រៀបនឹងសម្រាលកូន ព្រោះឈឺពោះបន្តិចម្តងៗ តែក្រោយពីធ្វើតេស្តរកឃើញផ្ទុកមេរោគកូវីដ.១៩ ត្រូវបានបញ្ជូនឱ្យចូលព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ លុះឈឺពោះកាន់តែខ្លាំង រៀបនឹងសម្រាល ដោយទីនោះគ្មានឧបការណ៍គ្រប់គ្រាន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១១និង០០នាទីព្រឹក ដើម្បីធ្វើរោគវិនិច្ឆ័យ​ពិនិត្យមើលផ្ទៃពោះ ឆ្លុះអេកូ ឃើញមានរយ:ពេល៣៨សប្ដាហ៍ ខណ:ម្តាយផ្ទុកជំងឺកូវីដ.១៩ ។ ប្រភពបន្តទៀតថា ក្រោយមកនាងឈឺពោះកាន់តែខ្លាំងឡើងៗ ក៏សំរាល កាលពីថ្ងៃទី២១ ខែតុលា វេលាម៉ោង ៣ និង ៤២នាទីរសៀល ដោយកើតបានកូនប្រុស ទំងន់២.៧គីឡូក្រាម ហើយក្រុមគ្រូពេទ្យផ្នែកកុមារ និងពេទ្យឆ្មប រួមជាមួយគ្រូពេទ្យផ្នែកសង្គ្រោះ សរុបចំនួន ៥ ទៅ ៦នាក់ បានចូលទៅជួយសង្គ្រោះភ្លាមៗទាំងអស់គ្នា ។ លោកប្រធានមន្ទីរពេទ្យបន្ថែមទៀតថា ពេលទាក់ទងទៅខាងមន្ទីរខេត្តបាត់ដំបង គ្រូពេទ្យឮថា ម្តាយទារកនេះ កើតជំងឺកូវិដ.១៩ គេមិនទទួលនោះឡើយ ទើបទាក់ទងទៅខាងខេត្តសៀមរាបវិញម្តង ហើយក៏បានបញ្ជូនទៅ ។ តាមប្រធានមន្ទីរពេទ្យ ដោយសារតែទារកខាងលើ បានកើតមកភ្លាម គ្មាន​ចង្វាក់បេះដូង និងគ្មានដង្ហើម ហើយក្រុមគ្រូពេទ្យ ក៏បានពន្យល់ណែនាំប្រាប់ដល់ស្រ្តីជាម្តាយថា មានសង្ឃឹមតិចតួចបំផុត ខណ:គ្រូពេទ្យ ក៏បានជួយម៉ាស្សាបេះដូង រហូតដល់មានដង្ហើមឡើងវិញ រួចក៏ប្រញាប់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក៏ស្លាប់នៅទីនោះ ដោយសារតែទារកខាងលើ កើត​មកខ្សោយខ្លាំង៕ by kem chhov

អត្ថបទដែលជាប់ទាក់ទង