Detail Top Banner

មន្រ្តីស៊ើបអង្កេត ក.ប.ប រឹបអូសអាល់កុលក្លែងក្លាយចំនួន ចំនួន ៣៧៥ ប៊ីដុង ត្រឹមតែរយៈពេល២ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈរយៈពេល២ថ្ងៃ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប រឹបអូសអាល់កុលក្លែងក្លាយបានចំនួន ៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ ដើម្បីធានាបាននូវការការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាព​របស់​​ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ហៅកាត់ថា ក.ប.ប បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព​អាល់​កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថាទីតាំងនេះមានស្តុកទុកដើម្បីចែកចាយ លក់ អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ​អាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែង​ស្ថិតនៅ​ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក មន្រ្តីជំនាញបានធ្វើការ​ស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបាន​ការ​ចូលរួមពីមន្រ្តីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងសង្កាត់ មន្រ្តីអគ្គ​នាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក ទំនិញមួយកន្លែងស្ថិតនៅក្នងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ។

លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃនេះ មន្រ្តីជំនាញ បានរកឃើញ និងរឹបអូលអាល់កុលក្លែង​ក្លាយចំនួន ១៥ ៩៦០លីត្រ ដើម្បីអនុវត្តនីតិវិធីបន្ត។ ឯកឧត្តម ផាន អូន អគ្គនាយក​នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យ​ដឹងថា ក្រុមការងារនៃអគ្គនាយកដ្ឋានកំពុងបន្តការស្រាវជ្រាវ ដើម្បីស្វែងរកប្រភពនាំចូលនៃផលិតផល​អាល់កុល​ក្លែងក្លាយទាំងនេះ ។ ឯកឧត្តមបន្ថែមថា អំឡុងពេលមានតម្រូវការអាល់កុលកើនឡើងខ្ពស់ ការចរាចរអាល់កុលក្លែងក្លាយ ដែលមានលាយជាមួយសារធាតុ គីមីមេតាណុលលាយនឹងទឹកក៏មានការ​កើនឡើង។ សារធាតុមេតាណុល គឺជាសារធាតុពុល ហើយការប្រើប្រាស់មេតាណុល ធ្វើជា សារធាតុសម្លាប់​មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពសម្លាប់មេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់​សុខភាព របស់អ្នកប្រើប្រាស់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ដូចជា បណ្តាលឱ្យរលាក​ស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការ​រំលាយ​អាហារ។ល។

ឯកឧត្តមបន្តថា លើសពីនេះ វាក៏អាចបណ្តាល ឱ្យស្លាប់បាន ប្រសិនបើយកទៅលាយ​ជាមួយស្រា សម្រាប់បរិភោគលើសកម្រិតដែលហាមឃាត់។ ដោយហេតុនេះ ឯកឧត្តមបាន អំពាវនាវឱ្យ​អាជីវករ ទាំងអ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូល ផលិតផល​អាល់កុល​ទាំងអស់ សូមប្រកប​របរអាជីវកម្ម លក់ដូរ ប្រកបដោយការទទួលខុសត្រូវ​ប្រកាន់ខ្ជាប់នូវក្រម​សីលធម៌ និងសុចរិតភាព ដោយគិត​ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ខ្ពស់ជាងការ​ចំណេញ​លុយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង