អភិបាលរាជធានី យប់ថ្ងៃ២៧តុលា បន្តចុះត្រួតពិនិត្យកម្លាំងនៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅវេលាម៉ោងជាង ១០យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនិងអាជ្ញាធរ ដោយឈរជើងនៅ ទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញនូវឡើយទេ ។
ការមកកាន់ទីបញ្ជាការស្រាលរបស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបញ្ជាកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទុក្ខភ័យ ខណៈដែរទឹកជំនន់ស្ទឹងព្រែកត្នោត បានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ ១០សង្កាត់ហើយ នៅក្នុងខណ្ឌដង្កោនេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងនាំអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់នេះផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានសង្កាត់ចំនួន ១០ហើយ ដែលទទួលការរកនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ៣០០០គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួននេះ អាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេចតេជោមកចែកជូនពួកគាត់ផងដែរ ។
នៅម៉ោងជាង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការងារសំខាន់បំផុតរបស់អាជ្ញាធរ គឺត្រៀមកំលាំងរួចហើយដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បន្តថា៖ អនុវត្តតាមអនុសាសន៌សម្ដេចតេជោ ហ៊ុន សែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់សំខាន់មើលថែ និងការការរពារអាយុជីវិតប្រជាពលរដ្ឋជាកត្តាសំខាន់និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនៅក្នុងរាជកាលដឹកនាំរបស់សម្ដេចយើងអនុវត្តបានខ្ជាប់ខ្ជួន។ សម្រាប់រាជធានីភ្នំពេញត្រៀមអង្ករ ១០០០តោនជារៀងរាល់ពេលដោះស្រាយចំយថាហេតុដើម្បីសង្គ្រោះប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២៧ តុលានេះ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងទាហាន បានត្រៀមរួចរាល់ហើយទាំងកម្លាំងនិងឧបករណ៍សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបហានិភ័យដោយទឹកជំនន់ បើទោះបីឆ្នាំនេះ ស្ថានភាពលិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ កម្លាំងទាំងអស់ គឺបានត្រៀម និងឈរជើងរួចស្រេចហើយនៅទីបញ្ជាការស្រាលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ៕