គ្រោះថ្នាក់ចរាណ៍បន្តិចបន្តួច បង្កើតជារឿងជម្លោះ បុរសជនដៃដល់ម្នាក់ដកកាំភ្លើងបាញ់ចំនួន ៥គ្រាប់សំដៅទៅលើជនរងគ្រោះត្រូវ ២គ្រាប់ ហើយរត់គេចខ្លួនបាត់ស្រមោល
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនដៃដល់ដកកាំភ្លើងបាញ់ចំនួន ៥គ្រាប់ ត្រូវចំជនរងគ្រោះចំនួន ២គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ គឺមកពីរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ក៏ឈ្លោះប្រកែកគ្នា បានបង្កើតទៅជារឿងបែបនេះ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៧.៣៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចកន្លែងកំសាន្តកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជន្លរងគ្រោះមាន ឈ្មោះ ជុំ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធនិងកូនម្នាក់ បច្ចុប្បន្នស្នាក់នៅក្នុងបុរីហុកឆេង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនដំបូងគាត់បានឃើញបុរសម្នាក់ដែលជាជនរងគ្រោះបើករថយន្តម៉ាកTOYOTAព្រូស ពណ៌សទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AY-3468 បើករថយន្តចុះមកពីលើស្ពានឥន្ធនូ ក្នុងទិសដៅពីជើងទៅត្បូងរួចក៏បានបត់ឆ្វេងបម្រុងចូលទៅក្នុងទីក្រុងកោះពេជ្រ ខណៈពេលមកដល់ជិតគល់ស្ពាន ស្រាប់តែមានលេចមុខជនដៃដល់បើករថយន្តម៉ាក TOYOTAព្រូស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW-1458 បើកស្របទិសដៅគ្នាមកពីក្រោយបានបទជ្រុលទើបប៉ះកញ្ចក់រថយន្តរបស់ជនរងគ្រោះផ្នែកពីចំហៀងបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ជនរងគ្រោះក៏បានព្យាយាមបើកទៅមុខហើយហៅជនដៃដល់ឱ្យឈប់ ដើម្បីនិយាយគ្នា តែបុរសដែលជាជនបង្ក បានដកកាំភ្លើងបាញ់សំដៅមកលើជនរងគ្រោះចំនួន ៥គ្រាប់ មកលើជនរងគ្រោះចំនួន ២គ្រាប់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយមកជនសង្ស័យក៏បានបើករថយន្តបម្រុងរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចសហការគ្នាតាមផ្លូវស្រាវជ្រាវរកឃើញនឹងឃាត់បានតែរថយន្ត ឯបុរសជនដៃដល់ជាអ្នកបង្កនោះបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជម្រុះជាមួយនឹងកងរាជអាវុធហត្ថបានយករថយន្តជនបង្កទៅរក្សាទុកនៅឯអធិការដ្ធាននគរបាលខណ្ឌចំការមន ដើម្បីកំណត់មុខសញ្ញានៅស្វែងរកចាប់ខ្លួនជនដៃដល់បង្កផ្ទុះឲ្យអាវុធបណ្ដាលឲ្យមានរបួសស្នាមយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕