រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរមណ្ឌលគិរី.ប៊ូស្រា តៃកុងបើកដាច់ចង្កូតធ្លាក់ផ្លូវបុកដើមឈើគៀបជាប់មនុស្សស្លាប់ម្នាក់ក្នុងចំណោម ៧នាក់
ខេត្តស្ទឹងត្រែង៖ នាវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តក្រុងមួយគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យដាច់ចង្កូតរ៉េធ្លាក់ផ្លូវ ជ្រុលទៅបុកនឹងដើមឈើបណ្ដាលឱ្យគៀបជាប់មនុស្សម្នាក់ស្លាប់នៅក្នុងរថយន្ត ក្នុងចំណោម ៧ នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចគីឡូម៉ែត្រលេខ២៥ និង២៦ ស្ថិតនៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងដែលកើតគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងលើនោះ ជាប្រភេទរថយន្តក្រុង មានពណ៌ស ពាក់ស្លាក់លេខ សៀមរាប ៣A-១៩ ២៧ បានបើកបរពីទិសដៅលិច ទៅកើតហើយបានបើកបរមកដល់ចំណុចកើតហេតុខាងលើ បានដាច់ចង្កូតរ៉េធ្លាក់ផ្លូវក៏ជ្រុលទៅបុកនឹងដើមឈើធ្វើឲ្យខ្ទេចរថយន្តមួយកំណាត់មុខ បណ្ដាលឱ្យគៀបជាប់អ្នកជិះរួមដំណើរម្នាក់បានស្លាប់នៅក្នុងរថយន្ត។
សមត្ថកិច្ចបានបញ្ជាក់ថានៅពេលកើតហេតុ តៃកុងរថយន្តក្រុងបានរត់គេចខ្លួនបាត់ ចំណែកអ្នកស្លាប់មានឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ រស់នៅភូមិឃ សង្កាត់ច្រាំងចំរេះទី៣ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកអ្នករួមដំណើរនៅក្នុងរថយន្តក្រុងមានមនុស្សចំនួន ៧នាក់ ហើយអ្នកបើកបររថយន្តក្រុងមានគ្នា២នាក់(ប្រុស) ក្រោយពេលកើតហេតុអ្នកបើកបរទាំង២នាក់នោះ បានបើកទ្វាចេញពីរថយន្តក្រុង រត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍ធ្វើកំណត់ហេតុរួចបានប្រគល់សពជនរងគ្រោះជូនទៅឱ្យបងប្អូននៃសពយកទៅធ្វើបុណ្យតាប្រពៃណី៕