ក្រុមប្រទេស G20 ជំរុញឱ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀតដល់បណ្តាប្រទេសក្រីក្រ
បរទេស៖ របាយការណ៍ព័ត៌មាននៅលើប្រព័ន្ធអ៊ីនធើណេត Wion News របស់ប្រទេសឥណ្ឌាបាននិយាយថា ក្រុមប្រទេស G20 ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងការផ្តល់ជូនដល់បណ្តាប្រទេសក្រីក្រនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀត។
របាយការណ៍នោះបាននិយាយថា «នៅពេលដែលបណ្តាមេដឹកនាំបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីផែនការក្នុងការការពារប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគតនោះ ក្រុមអ្នកជំនាញ និងសកម្មជនផ្នែកសុខភាពបានសម្តែងការព្រួយបារម្ភថា បណ្តាប្រទេសអ្នកមានបំផុតរបស់ពិភពលោកនៅតែមិនទាន់បានធ្វើការងារឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាជនក្នុងបណ្តាប្រទេសក្រីក្រឱ្យរស់រានមានជីវិតនាពេលបច្ចុប្បន្ននេះ»។
ក្រុមទីប្រឹក្សាត្រូវបានដកស្រង់សម្តីដែលបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលបានសន្យាថានឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា «ឃ្លាំងផ្ទុកវ៉ាក់សាំង» នឹងមិនប្រកាសអំពីផែនការជាក់ស្តែងទាក់ទងនឹងការបំពេញគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រអំពីអត្រានៃការចាក់វ៉ាក់សាំងនោះទេ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងលិខិតបើកចំហរមួយទៅកាន់បណ្តាមេដឹកនាំក្រុមប្រទេស G20 ថា គម្លាតសមធម៌នៃការទទួលបានវ៉ាក់សាំងនាពេលបច្ចុប្បន្នរវាងបណ្តាប្រទេសអ្នកមាន និងប្រទេសដែលមានធនធានទាបបានបង្ហាញអំពីការមិនយកចិត្តទុកដាក់ចំពោះជីវិតរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុតរបស់ពិភពលោក។
យោងតាមអង្គការ WHO បានឱ្យដឹងថា ក្នុងចំណោមប្រជាជន ១០០នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៣៣ដូសត្រូវបានប្រើប្រាស់ ខណៈដែលនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប មានតែ ៤ដូសប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់នៅក្នុងចំណោមប្រជាជន ១០០នាក់៕ (ប្រភព People’s Daily) by AKP