លោកអ្នកប្រហែលជាភ្លេចឬ មេរោគអេដស៍? សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតែគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈចំពោះអ្នកកើតជម្ងឺនេះកំពុងជួបការលំបាក
ខេត្តកោះកុង៖ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយស លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនអំណោយមនុស្សធម៌របស់សាខាប្រគល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៣នាក់ ស្នាក់នៅមណ្ឌលជីវិតថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជនមានពិការភាព ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះលោកនាយកសាខាក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ញាំថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ ។
ទន្ទឹមនឹងនេះលោកនាយកសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺ កូវីដ.១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង ” ៣កុំ ៣ការពារ ២ចូលរួម”៖
– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
– ៣ការពារ ៖ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
– ២ចូលរួម ៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារៈដែលសាខាផ្តល់ជូនរួមមាន៖អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកសុទ្ធ១កេះ អាវយឺត២ ទឹកដោះគោខាប់ ១កំប៉ុង ស្ករស ១គីឡូក្រាម តែ ១កញ្ចប់ ជេលលាងដៃ ១ដប ព្រមទាំងថវិកាចំនួន ៨០ ០០០រៀលដូចៗគ្នាផងដែរ ៕ អរគុណសន្តិភាព