អាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល យកមកឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩

កញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ត្រូវបានលោកជំទាវ ប៊ន សុភី នាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២៤គ្រួសារ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល យកមកឧបត្ថម្ភដល់ក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ ធ្វើឡើងនៅសាលាក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្ត អាជ្ញាធរក្រុង និងតំណាងគ្រួសារសពទាំង ២៤នាក់ចូលរួមផងដែរ។

លោក បេ សារ៉ុម អភិបាលរងក្រុង បានបញ្ជាក់ថា៖ កញ្ចប់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបើកជូនដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងសពម្នាក់ទទួលបានចំនួន ២លានរៀល។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង ពីការលំបាក និងសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែលកំពុងទទួលរងផលប៉ះពាល់ដោយសារតែជំងឺដ៏កាចសាហាវនេះ។

លោកជំទាវ ប៊ន សុភី បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងចូលរួមសោកស្តាយពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាមួយបងប្អូនដែលបានបាត់បង់បង់សមាជិកក្រុមគ្រួសារសាច់ញាតិដោយសារតែជំងឺកូវីដ-១៩ ហើយសម្តេច និងឯកឧត្តម តែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់ក្រុមគ្រួសារបងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីកាត់ផ្តាច់ការចម្លងពីក្រុមគ្រួសារ និងសហគមន៍យើង៕

អត្ថបទដែលជាប់ទាក់ទង