ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានណែនាំឲ្យអ្នកអាពាហ៍ពិពាហ៍បុណ្យ និងពិធីនានាត្រូវកាត់បន្ថយពិធីបែបបរទេស
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានណែនាំឲ្យអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍បុណ្យ និងពិធីនានាត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code ហើយកាត់នំ បោះផ្កា និងពិធីបន្ទាប់បន្សំផ្សេងៗ គប្បីត្រូវកាត់បន្ថយ ការណែនាំរបស់ក្រសួងវប្បធម៌ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍តែមានភ្ញៀវចូលរួមចំនួនប្រមាណ២០០នាក់ មិនបូកអ្នកសេវានានា ។
យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី៨ វិច្ឆិកា បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកដល់ការបើកដំណើរការ សកម្មភាព សង្គម-សេដ្ឋកិច្ច ឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តវិធានការ «៣ការពារ ៣កុំ» សំដៅបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌សហការជាមួយក្រសួងសុខាភិបាលរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ។
ក្រសួងបានបន្ដថា ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដី ដើម្បីរៀបចំពិធីណាមួយ ម្ចាស់ពិធីត្រូវភ្ជាប់ទៅជាមួយលិខិតធានាអះអាងនូវការអនុវត្តវិធានការ ការពារការរីករាលដាលឆ្លងវីរុសកូវីដ-១៩ ឱ្យបានត្រឹមត្រូវ និងពេញលេញ ។
ជាពិសេស នោះ អ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធី និងភ្ញៀវ ។ ចំនួនកំណត់ខាងលើ មិនរាប់បញ្ចូលអ្នកបម្រើសេវានៅក្នុងពិធី ដូចជា ក្រុមចុងភៅ ក្រុមភ្លេង និងអ្នកបម្រើសេវាផ្សេងៗទៀតឡើយ ។
ក្រសួងវប្បធម៌បានបញ្ជាក់ថា «អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល ។ ករណីនេះត្រូវបានលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព ។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធីត្រូវទទួលខុសត្រូវពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អ្នកចូលរួមទាំងអស់» ។
មួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ម្ចាស់ផ្តើមពិធី ឪពុកម្ដាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អ្នកភ្នូង អាចារ្យ អ្នកផ្លូវចៅមហា ចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និងអ្នកដទៃទៀត ដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលកិច្ចពិធី ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្ដើមពិធី ។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវលើការអនុវត្តធ្វើតេស្តរហ័សនេះ។
ក្រសួងវប្បធម៌ បានបញ្ជាក់ទៀតថា «ពិធីបែបប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងសាសនា គឺជាពិធីចាំបាច់ដែលត្រូវបានលើកទឹកឲ្យចិត្តរៀបចំ ។ ពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា ក៏ដូចជា ពិធីបែបបរទេសដទៃទៀត និងពិធីបន្ទាប់បន្សំផ្សេងៗ ដែលមិនចាំបាច់គប្បីត្រូវបានកាត់បន្ថយ ។ ត្រូវប្រើប្រាស់ធនធាន សម្ភារៈ ផលិតផល និងមធ្យោបាយ ក្នុងប្រទេសឱ្យអស់លទ្ធភាព ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ផលិតផលពីបរទេស»៕ អរគុណសន្តិភាព