សាលក្រមកាត់ទោសលោកស្រី Aung San Suu Kyi នឹងត្រូវធ្វើឡើងនៅខែក្រោយ
អន្តរជាតិ៖ តុលាការរបបយោធាមីយ៉ាន់ម៉ានឹងប្រកាសសាលក្រមរបស់ខ្លួននៅខែក្រោយថា លោកស្រី Aung San Suu Kyi បានបំពានច្បាប់ជំងឺរាតត្បាតក្នុងអំឡុងការបោះឆ្នោតដែលគណបក្សលោកស្រីបានឈ្នះកាលពីឆ្នាំមុនឬយ៉ាងណា?។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី ១០ ខែវិច្ឆិកា។ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈរបស់យោធា ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំ និងការ បង្ក្រាបយ៉ាងបង្ហូរឈាមលើអ្នកប្រឆាំង។ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងដំណើរការនីតិវិធីនៅតុលាការពិសេសក្នុងរដ្ឋធានី ណៃពីដោ (Naypyidaw) ហើយថ្មីៗនេះ របបយោធាបានហាមឃាត់ក្រុមអ្នកច្បាប់របស់លោកស្រីស៊ូជី មិនឱ្យនិយាយជាមួយអ្នកសារព័ត៌មានឡើយ។ ប្រភពមួយបាននិយាយថា កាលពីថ្ងៃអង្គារ លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញខ្លួននៅក្នុងសវនាការចុងក្រោយបង្អស់ ក្នុងការកាត់ក្តី ពីបទចោទប្រកាន់ថាបានបំពានច្បាប់នៃមេរោគឆ្លងអំឡុងពេលការបោះឆ្នោតកាលពីឆ្នាំ ២០២០។ លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមនឹង ការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។ កាលពីខែមុន លោក Win Htein អតីតសមាជិកសភា NLD និងជាជំនួយការជិតស្និទ្ធរបស់លោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់គុក ២០ ឆ្នាំពីបទក្បត់ជាតិ។លោកជាសមាជិក ជាន់ខ្ពស់ដំបូងគេរបស់គណបក្សដែលត្រូវបានកាត់ទោសដោយតុលាការរបបយោធា៕ by AKP