Breaking ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងកំពុងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ
ខេត្តសៀមរាប៖ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយគោរពទៅតាមផ្លូវច្បាប់ ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបហើយ តាមដីកាចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចក៏កំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ។
ការចូលខ្លួននេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង ដែលបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩។
តុលាការក៏បានបញ្ជាក់ផងដែរថា បទរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈនេះ ដោយសារ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដើម្បីធានាដល់ការគោរពច្បាប់ពេញលេញ តុលាការសម្រេចឲ្យនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ត្រូវចូលមកឆ្លើយចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការបំភ្លឺការពិតឲ្យបានគ្រប់ជ្រុងជ្រោយ ៕
លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូូងរាជធានីភ្នំពេញ ក៏បាន បង្គាប់មកកងកម្លាំង ឱ្យចាប់និងនាំខ្លួនលោកឧកញ៉ា លី សាយឃាង មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕