រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបពិធីបិទអង្គសិក្ខាសាលា ស្តីពី ការទប់ស្កាត់អំពើហឹង្សាលើស្រ្តីនិងកុមារី មានពិការភាព នៅក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សិក្ខាសាលាស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តី និងកុមារីមានពិការភាព ត្រូវបានប្រារព្ធបិទ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តដែរពាក់ព័ន្ធ នាយិកាប្រតិបត្តិអង្គការសាអូរី បុគ្គលិកហាត់ការអង្គការសាអូរី បងប្អូនមានពិការភាព។
លោកស្រី អ៊ុ អមរារ័ត្ន នាយិការប្រតិបត្តិអង្គការសាអូរី បានឱ្យដឹងថា៖ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ឱ្យអំពើហឹង្សាលើស្រ្តី និង កុមារីពិការភាព គ្រប់រូបភាព នឹងត្រូវបានកាត់បន្ថយតាមរយៈការទប់ស្កាត់ បង្កើនការឆ្លើយតប កាន់តែប្រសើរ ការបង្កើនលទ្ធភាព ទទួលបានសេវាប្រកបដោយគុណភាព និងកិច្ចសហការ បង្កើនកិច្ចអន្តរាគមន៍និង ការសម្របសម្រួលជាពហុវិស័យ។ ដើម្បីឆ្លើយតបទៅតាមតម្រូវការផ្សេងរបស់ស្រ្តី និងកុមារីមានពិការភាព គ្រប់រូបដែលរងគ្រោះដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រ។
លោកជំទាវ តុង ណារី បានមានប្រសាសន៍ឱ្យដឹងថា៖ សិក្ខាសាលាស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តីនិង កុមារី គឺពិតជាមានសារៈសំខាន់ នឹងបានផ្តល់ នូវចំណេះដឹងជំនាញស្តីពីការកសាងទំនាក់ទំនង ប្រកបដោយសមភាពយេនឌ័រ សមធម៌ និងអហឹង្សា ដើម្បីផ្លាស់ប្តូរឥរិយាបទ អាកប្បកិរិយា បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលជាអំពើហឹង្សាទាំងផ្លូវចិត្ត និងផ្លូវកាយលើស្រ្តី និងកុមារីមានពិការភាព។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់តាមរយៈអង្គសិក្ខាសាលានេះ សូមរួមសហការគ្នាទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារីមានពិការភាព ដែលពួកគាត់ជាជនដែលងាយរងគ្រោះ មានកម្លាំងទន់ខ្សោយជាមួយនឹងពិការភាព ដើម្បីឱ្យទទួលបានសមភាព សមធម៌ រស់នៅ ដោយសេចក្តីសុខក្នុងគ្រួសារ សហគមមន៍ និងសង្គមជាតិ៕