វគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម មានរយៈពេល ២ថ្ងៃ ជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មកពីតាមបណ្តាភូមិនានាក្នុងសង្កាត់ឃ្មួញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម មានរយៈពេល ២ថ្ងៃ ជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា មកពីតាមបណ្តាភូមិនានាក្នុងសង្កាត់ឃ្មួញ សរុបចំនួន ២៦នាក់ (ស្រី៨នាក់) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។
មានប្រសាសន៍បេីកវគ្គនាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ប្រកបដោយក្តីនឹករលឹក ។
លោកបានគូសបញ្ជាក់ថា៖ ចាប់តាំងពីមុនរហូតមកដល់បច្ចុប្បន្ននេះ អ្នកស្មគ្រ័ចិត្តយើងពិតជាបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការងារមនុស្សធម៌ដោយមិនចង់បានអ្វីតបស្នងមកវិញ គឺចូលរួមដោយស្មោះស្មគ្រ័ គ្មានប្រាក់បៀវត្សន៍ ឬប្រាក់ឧបត្ថម្ភ និងបានបូជាកម្លាំងកាយចិត្ត លះបង់ពេលវេលា ជាអ្នកអប់រំផ្សព្វផ្សាយចលនា ជាអ្នកជួយសង្គ្រោះ និងជាអ្នកផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកក៏បានលេីកឡេីងពីគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យសិក្ខាកាមជាអ្នកស្ម័គ្រចិត្តទាំងអស់បានយល់ដឹងកាន់តែច្បាស់ និងក្លាយជាជនបង្គោលដែលមានសមត្ថភាពគ្រប់គ្រាន់អាចផ្សព្វផ្សាយបន្តពី ច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យនៃការផាកពិន័យ ផ្លាកសញ្ញាចរាចរណ៍ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម និងជាពិសេសវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាសំខាន់អាចជួយជនរងគ្រោះដោយប្រការផ្សេងៗដូចជា សន្លប់បាត់បង់ស្មារតី បាក់ឆ្អឹង លង់ទឹក ពស់ចឹក ស្លាក់ រលាក និងរងរបួសបាន មុនពេលភ្នាក់ងារសង្គ្រោះឫឡានពេទ្យមកដល់ ហើយអ្វីដែលកាន់តែថ្មីនោះគឺរបៀបជួយជនរងគ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។
មុននឹងប្រកាសបេីកវគ្គបណ្តុះបណ្តាល លោកនាយកប្រតិបត្តិសាខា ក៏សូមឲ្យបងប្អូនជាសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីវគ្គនេះដេីម្បីបង្កេីនសមត្ថភាព ក្នុងការបំពេញការងារមនុស្សធម៌របស់យេីងនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថែមទៀត ៕ អរគុណសន្តិភាព