ពិធីប្រកាសសមាសភាព ស.ស.យ.ក. ស្នងការដ្ឋាននគរបាល និងថ្លែងអំណរគុណ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ឯកឧត្តម​ ស​ សុខា​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងភរិយា ព្រមទាំងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចូលរួមជាគណៈអធិបតីពិធីប្រកាសសមាសភាព ស.ស.យ.ក. ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសំណេះសំណាល-ប្រគល់លិខិតថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តជួយសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នាពេលកន្លងទៅ ។


សូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះបងប្អូនសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ទាំង​អស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមសកម្មភាពសង្គម មនុស្សធម៌ ពិសេសចូលរួមជួយសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-​១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ទាំងមូល ។


ក្នុងនោះស្នើសមាសភាព ស.ស.យ.ក. ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលទើបប្រកាសតែងតាំងថ្មីទាំងអស់ ចូលរួមអនុវត្តដូចខាងក្រោម ៖
១. អនុវត្តតួនាទីភារកិច្ចថ្មី ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ ។
២. គោរព និងអនុវត្តតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក. ឱ្យបានខ្ជាប់ខ្ជួន ។
៣. រៀបចំរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង ឱ្យបានច្បាស់លាស់ និងអនុវត្តតាមឋានានុក្រម ឱ្យបានត្រឹមត្រូវ ។
៤. រៀបចំផែនការ ដោយឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ ស.ស.យ.ក. និងតម្រូវការមូលដ្ឋានជាក់ស្តែង ។
ក្នុងនោះដែរស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ទាំងអស់ បន្តអនុវត្តដូចខាងក្រោម ៖
១. បន្តឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីឱ្យខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសកម្ពុជារបស់យើង បានឆ្លងផុតពីជំងឺដ៏កាចកំណាចនេះ ។
២. បន្តចូលរួមផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល និងការស្លាប់បាត់បង់ជីវិត នៃជំងឺកូវីដ-១៩ បើទោះបីកម្ពុជាបានចាក់វ៉ាក់សាំង ហើយក៏ដោយ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា បើកដំណើរការប្រទេសឡើងវិញ សូមកុំធ្វេសប្រហែសឱ្យសោះ ព្រោះថា “យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ” ។
៣. បន្តស្ម័គ្រចិត្តចូលរួមជួយសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងយុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធនាការផ្សេងៗទៀត ដើម្បីប្រជាពលរដ្ឋយើង ។
៤. បន្តចូលរួមសម្អាតបរិស្ថាននៅតាមទីប្រជុំនានា និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យសម្អាតបរិស្ថាន​តាមផ្ទះរៀងៗខ្លួន បំផ្លាញចោលសំបកកំប៉ុង សំបកដូង សំបកកង់ឡាន ដែលអាចដក់ទឹកបាន ជាជម្រកឱ្យមូសខ្លាបង្កកំណើត និងបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ កុំឱ្យមូសខ្លាខាំ បណ្តាលឱ្យកើតជំងឺគ្រុនឈាម ។
៥. បន្តថែរក្សាការពារសុខភាព និងបង្កើនការប្រុងប្រយ័ត្នឱ្យបានច្រើនថែមទៀត ដើម្បីចៀសផុតពីការឆ្លង និងការបាត់បង់អាយុជីវិត ដោយសារវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មី (Delta)៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង