រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណជិត១២ម៉ឺននាក់

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល​៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ភ្ញៀវទេសចរបានមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ១១៨ ១៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១១៧ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០ភាគរយទៅ ៨០ភាគរយ ប្រមាណជា ៨០ ០០០-៩០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ១២ ៧០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥ ៣០០នាក់ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១ ១៤៦នាក់ ភាគច្រើន គឺជាជនជាតិចិន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្ត​នៅតាមរមណីយដ្ឋាននានា នៅក្នុងខេត្តសៀមរាបនេះ ជារួមគឺឃើញថា ភាគច្រើនបានគោរព អនុវត្តន៍វិធានការសុខាភិបាល ដោយមានការបាញ់អាកុល វាស់កម្តៅ ពាក់ម៉ាសមុន និងចូលទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា។ ចំពោះនៅក្នុងទីប្រជុំជនក្រុងវិញ បើទោះបីយើងកំពុងតែធ្វើការស្ថាបនាផ្លូវក៏ពិតមែន ប៉ុន្តែសណ្តាប់ធ្ឋាប់ រៀបចំបានយ៉ាងរលូន។

លោកបន្តថា ទោះបីជាយ៉ាងនេះក្តីយើងក៏បានជួបការលំបាកខ្លះដែរ ដូចជាពាក់ព័ន្ធអាហារដ្ឋានយើងមានការខ្វះ ដោយសារយើងមិនទាន់បានរៀបចំបើកឡើងវិញឱ្យបានគ្រប់គ្រាន់នៅឡើយ។ ដោយម្ចាស់អាហារដ្ឋាននីមួយៗមិននឹកស្មានថា មានភ្ញៀវទេសចរមកលេងច្រើនបែបនេះ។

សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ៗជាលើកទីមួយហើយដែល បានឃើញស្ថានភាពភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបច្រើនបែបនេះ៕ by AKP

អត្ថបទដែលជាប់ទាក់ទង