បុណ្យអុំទូក៣ថ្ងៃថែមនឹងថ្ងៃអាទិត្យនេះទៀត មានភ្ញៀវទេសចរណ៍ជាងមួយលានមួយសែននាក់ ធ្វើដំណើរកំសាន្តស្ទើរគ្រប់ខេត្ត
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨-២១ វិច្ឆិកា ២០២១ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ នឹងសរុបទាំងថ្ងៃអាទិត្យនេះទៀត នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរណ៍ ភ្ញៀវជាតិមាន ១ ១៣២ ៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១៤ ៤៥៦នាក់ សរុប១ ១៤៧ ៣៥៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ សម្រាប់រយៈពេល ៤ថ្ងៃនេះ ពីច្រើនទៅតិចរួមមាន៖
-រាជធានីភ្នំពេញ ២០៣ ៤៥៤នាក់
-ខេត្តព្រះសីហនុ ១៤៥ ០៤២នាក់
-ខេត្តសៀមរាប ១៤១ ២១៩នាក់
-ខេត្តកំពត ១០២ ១៦៧នាក់
-ខេត្តកែប ៩២ ៥៣៨នាក់
-ខេត្តពោធិ៍សាត់ ៧៥ ៥៧៨នាក់
-ខេត្តបាត់ដំបង ៥៦ ៦៧៩នាក់
-ខេត្តកំពង់ស្ពឺ ៥០ ៩៦០នាក់
-ខេត្តមណ្ឌលគិរី ៤០ ៩១៧នាក់
-ខេត្តកណ្តាល ៤០ ២០៦នាក់
-ខេត្តកោះកុង ៣៨ ៦៥០នាក់
-ខេត្តរតនគិរី ៣១ ៤៥៧នាក់ ។
ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួនទាំងនេះ មានការកើនឡើងប្រមាណ ២៥.៨% បើធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១កន្លងមក ដែលមានភ្ញៀវទេសចរណ៍ត្រឹមតែ ៩១១ ១៤៧នាក់។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះ ក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។ទោះបីចំនួនភ្ញៀវទេសចរមានសន្ទុះខ្លាំង ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវាកម្ម និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន។
តាមការវាយតម្លៃជារួម លោករដ្ឋមន្ត្រីសង្កេតឃើញថា វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងទាញយកបានមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ (Trust and Confidence) តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលតែងបានដាក់ចេញនូវយុទ្ធសាស្រ្តរស់រវើក រហ័សរហួន និងគ្រប់ជ្រុងជ្រោយ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម។
លំហូរភ្ញៀវទេសចរជិតមួយសប្តាហ៍នេះ បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍ ៕ អរគុណសន្តិភាព