ក្រសួងការងារ ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform ) ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាល និងលោកស្រី NADIA OTTIGER នាយិការងនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) ព្រមទាំងមានការចូលរួមពីក្រសួងពាក់ព័ន្ធនានា, គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត, គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, វិស័យឯកជន និងដៃគូអភិឌ្ឍន៍នានាតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ប្រមាណជាង ៨០០នាក់។

រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ មានគោលបំណង និងសារៈសំខាន់រួមមាន៖ ១)ផ្តល់នូវឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាបន្តបន្ទាប់ និងបត់បែនបានក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ២)បង្កើនការទទួលបាននូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌ក្នុងចំណោមយុវជននៅទូទាំងប្រទេសកម្ពុជា ៣)ធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាសម្រាប់បណ្តុះបណ្តាលពីចម្ងាយ ឬអនឡាញ និង៤)កែលម្អគុណភាព TVET ឱ្យមានការឆ្លើយតបទៅនឹងទីផ្សារការងារ និងមានប្រសិទ្ធភាពខ្ពស់។ អ្នកប្រើប្រាស់ចូលតាមគេហទំព័រឈ្មោះ www.tvet-elearning.com និងតាមរយៈកម្មវិធីឈ្មោះ TVET E-Learning អាចទាញយកពី AppStore សម្រាប់ iOS, Play Store សម្រាប់ Android និង AppGallery សម្រាប់ Huawei។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញនាឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន មានប្រសាសន៍ថា ប្រព័ន្ធជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញគឺជាប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានមួយដែលផ្ដល់នូវមធ្យោបាយក្នុងការសិក្សាតាមរយៈការមើលវីដេអូ និងឯកសារអេឡិចត្រូនិកផ្សេងៗដោយខ្លួនឯងផ្ទាល់ តាមរយៈកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូនរបស់ពួកគេ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ប្រព័ន្ធជាតិនេះ មាន៣តួអង្គសំខាន់ៗដែលរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថាន អ.ប.វ. និងសិក្ខាកាម សិស្ស និស្សិត ដែលក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានភារកិច្ចគ្រប់គ្រង ថែទាំ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាតិទាំងមូល, ផលិតរបាយការណ៍រួម ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងាររបស់គ្រឹះស្ថាន អ.ប.វ.។ គ្រឹះស្ថាន អ.ប.វ. មានភារកិច្ចបង្កើតមាតិកាមេរៀន, វីដេអូបង្រៀន, ឯកសារមេរៀន, គ្រប់គ្រងការបង្រៀន និងរៀនរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានផ្សេងៗ រីឯសិក្ខាមកាម សិស្ស និស្សិត មានភារកិច្ចចូលរៀន, ធ្វើកិច្ចការ, ប្រឡង និងស្វ័យវាយតម្លៃការសិក្សារបស់ខ្លួន។


ទន្ទឹមនេះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
មិនទាន់បញ្ចប់មហិច្ឆតារបស់ខ្លួនក្នុងការធ្វើកំណែទម្រង់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រឹមនេះទេ គឺក្រសួងមានផែនការអភិវឌ្ឍប្រព័ន្ធជាតិធ្វើតេស្តបញ្ជាក់សមត្ថភាពតាមអនឡាញ ឬពីចម្ងាយ (E-RPL), អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគ្រឹះស្ថាន អ.ប.វ. (School Management System), រៀបចំ និងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ (Data Center), បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន, ថ្នាក់ដឹកនាំ, មន្រ្តីរាជការ និងសាស្រ្តាចារ្យ គ្រូបច្ចេកទេស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមគ្រឹះស្ថាន អ.ប.វ. ជាដើម។ ដើម្បីសម្រេចនូវគោលដៅនេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រទាំងធនធានបច្ចេកទេស និងហិរញ្ញវត្ថុ។

លោកស្រី NADIA OTTIGER បានមានមតិថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តចូលរួមសហការជាមួយក្រសួងការងារ ក្នុងការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា និងបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ ដើម្បីឱ្យមានលក្ខណៈពេញលេញ និងគ្រប់គ្រាន់ស្របតាមតម្រូវការងាររបស់អ្នកប្រើប្រាស់ និងការរីកចម្រើននៃបច្ចេកវិទ្យា។


សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មាន៖- គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងចំនួន៥៧ កំពុងប្រើប្រាស់ប្រព័ន្ធជាតិនេះសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង