សម្តេចហេង សំរិន ដឹកនាំប្រជុំរដ្ឋសភាបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ រដ្ឋសភានៅថ្ងៃស្អែក

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ស្អែកនេះ ។យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គលេខា ធិការដ្ឋានរដ្ឋសភា ទទួលបាន នៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា របៀបវារៈនៃសម័យប្រជុំរដ្ឋសភានៅថ្ងៃស្អែករួមមាន៖ ១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តមអ៊ុន ប៊ុនហាន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល ដែលបានទទួលមរណភាព។ ២-ការបោះឆ្នោតជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។ ៣-ការបោះឆ្នោតជ្រើសតាំង ៖ ឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម។ ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ពមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង