រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្ត

ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានបង្ហាញការគាំទ្រពាក់ព័ន្ធ នឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តរតនគិរី។

ការបង្ហាញការគាំទ្រនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសដែលឯកឧត្តមបានទទួលជួបពិភាក្សាការងារជាមួយលោក អា អូគី ប្រធាននាយកដ្ឋានផ្នែកលក់តំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ ឆ្លាតវ៉ៃប្រភេទ LED។

ក្នុងឱកាសនោះ លោក អា អូគី បានសម្ដែងនូវការអរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្ត ដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញ ក្នុងការបំពាក់ភ្លើងបំភ្លឺ ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តរតនគិរី។

ក្នុងនេះភាគីក្រុមហ៊ុនបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃជូនឯកឧត្តមអភិបាលខេត្តផងដែរ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនជប៉ុន មីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ ។

រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូរបន្ថយនូវតម្លៃសមស្រប ទៅនឹងបរិបទ នាពេលបច្ចុប្បន្ននេះ ដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេច លេីគម្រោងមួយនេះឈានទៅដាក់ឱ្យដំណេីរការ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តរតនគិរី សូមគាំទ្រសហការ ផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តរតនគិរី ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្យសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង