ស្ពានបេតុងអូរបាដើមអាជ្ញាធរខេត្តស្ទឹងត្រែងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ទៅមកហើយ
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានអូរបាដើមហើយ ដើម្បីធានាសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ និងការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ជំនួសស្ពានចាស់ដែលត្រូវធ្វើការរុះរើនៅពេលខាងមុខ។ក្នុងពិធីកាត់ខ្សែបូរបើកដំណើរការឆ្លងកាត់ស្ពានបេតុងថ្មីទើបសាងសង់រួចរាល់នៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១០ខែធ្នូនេះ ឯកឧត្តម ស្វាយសំអ៊ាងអភិបាលខេត្តមានប្រសាសន៍ថា៖នេះជាស្ពានថ្មីទី០៤ដែលបានសាង សង់ជាស្ពានបេតុងសម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់មានសុវត្ថិភាព ធ្វើចរាចរណ៍ចេញចូល ពីឃុំមួយទៅឃុំមួយ ពីតំបន់មួយទៅតំបន់មួយទៀត។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖នៅតាមបណ្តោយផ្លូវជួរមាត់ទន្លេសេសាននេះមានស្ពានចំនួន០៨ហើយនៅចំពោះមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាស្ពានបេតុងថ្មីបានចំនួន០៤ហើយចំណែកនៅសេសសល់ឆ្នាំ២០២២ខាងមុខយើងនឹងធ្វើបន្តទៀត (សំឡេង)នៅសល់បួននេះគឺឆ្នាំ ២០២២ យើងធ្វើពីរ អាចនៅឆ្នាំបន្តបន្ទាប់យើងធ្វើទៀតអ៊ីចឹងនៅពេលនោះកំណាត់ផ្លូវនេះយើងបានស្ពានរឹងមាំឱ្យធានាសុវត្ថិភាពនៃការធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋ។
លោកសរ គឹមណាតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖ប្រជាពលរដ្ឋទទួលការសាទរយ៉ាងក្រៃលែង ព្រោះពួកគាត់បានមើលឃើញការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលបានធ្វើផ្លូវស្ពានជារៀងរាល់ឆ្នាំ។
លោកបន្តថា៖មន្ទីរសាធារណការនឹងខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋបាលស្រុក ហើយនិងរុះរើស្ពានដែកនេះទៅសាងសង់ឡើងវិញ នៅតាមបណ្តោយផ្លូវគ្រួសក្រហមទៅកាន់តំបន់វារីអគ្គិសនី (សំឡេង)យើងនឹងរើទៅដាក់ផ្លូវពីនេះទៅវារីអគ្គិសនី យើងនឹងចាប់ផ្ដើមស្ថាបនាផ្លូវហ្នឹង ដើម្បីតភ្ជាប់ នៅផ្លូវ ៣៧៦អែស នឹងទៀត គម្រោងយើងរើទៅដាក់ទីហ្នឹង ប្រហែលជាខែប្រាំងយើងប្រគល់ឱ្យខាងគេអ្នកយកទៅដាក់។
លោកមាឃ លួនប្រជាពលរដ្ឋរស់នៅឃុំសាមឃួយស្រុកសេសាន បានចាត់ទុកថា៖នេះជាសមិទ្ធផលថ្មីៗដែលកើតមានឡើងជាបន្តបន្ទាប់ ព្រោះពីមុនមកប្រជាជនយើងមិននឹកស្មានថាមានស្ពានដូច្នេះទេ ហើយក៏គ្មានសម័យណាបានធ្វើបានដូចក្នុងសម័យនៃការដឹកនាំរបស់សម្តេចតេជោសែននេះដែរ អរគុណសម្ដេចបានផ្តល់ដល់ស្ពានដល់ប្រជាជន ដូចជាស្ពានទូទៅទាំងអស់តែម្ដង អរគុណសម្ដេចដោះស្រាយរឿងទៅមកទៅមក នេះបានស្រួលហើយខ្ញុំថា ស្រួលហើយ។
សូមបញ្ជាក់ថា៖ស្ពានបេតុងថ្មីបើកឱ្យដំណើរការឆ្លងកាត់នេះ(ស្ពានអូរបាដើម)មានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ តភ្ជាប់ទៅកាន់ទៅតំបន់ទេសចរណ៍ និងក៏ជាស្ពានបេតុងទី០៤ផងដែរដែលប្រជាពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែងទទួលបានជាចំណងដៃសម្រាប់ចុងឆ្នាំ២០២១នេះ ពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ៕