សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានប្រារព្ធរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាត​សកល​” ពិធីនេះរៀបចំធ្វើឡើងនៅស្រុកអង្គរជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល​ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី ប្រធានកិតិ្តយសអនុសាខា លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអ្នកផ្ទុកមេរោគអេដស៍ ១២៥នាក់ ។
នាឱកាសនោះ លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាបានអានផ្សព្វផ្សាយ នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ជូនចំពោះបងប្អូនអ្នកចូលរួមក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះ បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្តនូវចំណុចសំខាន់ៗ ដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖
១. សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។
២. ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។
៣. ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
៤. ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
៥. ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍។
៦. ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និង ជំងឺអេដស៍,សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន, រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល “៣ការពារ ៣កុំ” ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុក​ដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវអនាម័យរស់​នៅស្អាត ហូបស្អាត និងផឹកស្អាត ។
អំណោយដែលបានផ្តល់ជូនបងប្អូនរងគ្រោះដោយសារមេរោគអេដស៍ និងកុមារកំព្រា ១២៥នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ឃីត១(ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា៥ម៉ឺនរៀលផងដែរ៕ អរគុណាន្តិភាព
អត្ថបទដែលជាប់ទាក់ទង