ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២៨០គ្រួសារ ស្មើនឹង៣៤៩ក្បាល នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពល​រដ្ឋ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដល់ម្ចាស់កម្មសិទ្ធិ ចំនួន ២៨០​គ្រួសារ ស្មើនឹង ៣៤៩ក្បាល ស្មើជាង ១,០០០ហិចតា។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ដោយសារតែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចក្នុងការប្រគល់ដីជូនប្រជាពលរដ្ឋ ឲ្យជាម្ចាស់កម្មសិទ្ធិពេញលេញ បន្ទាប់ពីធ្វើការវាស់វែង និងចុះបញ្ជីដីធ្លី ដូចជាការកំណត់ព្រំដី ការងារវាស់វែង យ៉ាងមានសុក្រឹតភាពទៅតាមនីតិវិធីនៃច្បាប់។
ឯកឧត្តម ក៏បានបន្តទៀតថា ចំពោះសន្លឹកវិញ្ញាណបនបត្រនេះ មិនអាចមានការក្លែងបន្លំបានឡើយ ព្រោះនៅលើសន្លឹកប័ណ្ណមានភ្ជាប់ជាមួយនឹងQR Code ដែលគ្រាន់តែស្កេនភ្លាមចេញទិន្នន័យច្បាស់មកទាំងអស់ ទោះបីជាព្យាយាមបំផ្លាញសន្លឹកប័ណ្ណបំបាត់ភស្ដុតាងក៏ដោយ ក៏ទិន្នន័យមាននៅក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់។ ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិហើយ ហើយនៅតែបន្តឈូសឆាយ រំលោភបំពានដល់ដីព្រៃ ដែលជាសម្បត្តិរបស់រដ្ឋ ឬដីដែលជាសម្បត្តិរបស់រដ្ឋ រដ្ឋបាលខេត្តនឹងធ្វើការចាត់វិធានការទៅផ្លូវច្បាប់ រកឲ្យឃើញនូវមេខ្លោង ដោយមិនមានការលើកឡើយ ព្រមទាំងណែនាំដល់រដ្ឋបាលស្រុក រក្សាភ្នំធម្មជាតិឲ្យបាន ដើម្បីទុកដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ជាគោលដៅទេសចរណ៍នាពេលអនាគត។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ សូមមេត្តាកុំយកដីទៅលក់ ដើម្បីអាចប្រើប្រាស់ដីនេះក្នុងការដាំដុះដំណាំផ្សេងៗ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់ក្នុងគ្រួសារ ព្រមទាំងអាចទុកបន្តដល់កូនចៅជំនាន់ក្រោយៗផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង