Detail Top Banner

ក្រសួងការងារ អំពាវនាវឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកការធ្វើកូដកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានខិតខំនិងព្យាយាម ធ្វើការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយចាប់ផ្តើមពីយន្តការផ្សះផ្សាដោយអធិការការងារជាបន្តបន្ទាប់រហូតដល់យន្តការក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ក្រសួងបានអះអាងបន្តថា ករណីវិវាទនេះក៏ត្រូវបានសម្រប សម្រួលដោះស្រាយដោយមានការចូលរួមពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ប៉ុន្តែគួរឱ្យសោកស្ដាយដោយសារមានចំណុច មួយចំនួនត្រូវបានភាគីបានឯកភាពគ្នា និងចំណុចមួយចំនួននៅមិនទាន់មានការឯកភាពគ្នា។ ដូចនេះ ក្នុងអំឡុងពេលនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែង ខ្លួនថ្មីប្រភេទ « អូមីក្រុង» ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលបានធ្វើកូដកម្ម ដូចខាងក្រោម៖

១៖ ត្រូវបន្តធ្វើការពិភាក្សាដោះស្រាយដោយសន្តិវិធី និងរក្សាភាពស្ងៀមស្ងាត់ ស្របតាមនីតិវិធីច្បាប់ ក្រោមការ សម្របសម្រួលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ។

២៖ ត្រូវផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

៣៖ ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការដោះស្រាយ យោងតាមនីតិវិធី ច្បាប់ជាធរមាន និងផ្អែកតាមសមភាព សមធម៌ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ាទទួលបាននូវ ដំណោះស្រាយមួយសមស្រប និងអាចទទួលយកបានទាំងអស់គ្នា។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងរក្សាភាពនឹងនរក្នុងចិត្ត ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករ និយោជិតដទៃទៀតដែលកំពុងបំពេញការងារនិងទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុនណាហ្គាវើលដ៍៕

 

អត្ថបទដែលជាប់ទាក់ទង