លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនប្រជាពលរដ្ឋចាស់ជរា ៣០គ្រួសារនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្តល់អំណោយដល់ចាស់ជរាចំនួន៣០គ្រួសារនៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។
ជាមួយគ្នានេះលោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។
លោកជំទាវ បានលើកឡើងថាការផ្តល់ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ថ្ងៃនេះគឺមិនបានបែងចែកវណ្ណៈ ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយគឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះមានតិចតួចមិនបានជួយដល់ពលរដ្ឋយូរអង្វែងក៏ដោយប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។
ជំទាវបានផ្តាំផ្ញើដល់លោកយាយលោកតាសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមានការរាគរុះបង្កជាជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាពដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត ស្របពេលសកលលោកក៍ដូចជាកម្ពុជាកំពុងជួបវិបត្តិនូវការរាតត្បាតជំងឺកូវីដ ១៩ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង លោកជំទាវបានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទនិងប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដបង្កើនការប្រុងប្រយ័ត្ននិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ ។
បន្ថែមពីនេះទៀតលោកជំទាវ ឃួន ឃុនឌី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតនៅពេលមានបញ្ហា ដើម្បីជួយប្រជាពលរដ្ឋទាន់ពេលវាលាផងដែរ។
អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន អង្ករ២០គីឡូក្រាម ត្រីខ១យួរ ភួយ១ ក្រមា១ និងថវិកា៣ម៉ឺនរៀលនិងបានផ្តល់ជូនដល់អាជ្ញាធរនូវថវិកាមួយចំនួនផងដែរ៕