ឯកឧត្តម​ ហង់ជួន ណារ៉ុន បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​ជូន​ដល់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ សម្រាប់​ត្រៀម​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​នា​ចន្ទ​ទី ​២៧ ធ្នូ​នេះ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​ ហង់ជួន ណារ៉ុន បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​ជូន​ដល់​គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន អនុប្រធាន​មណ្ឌល​ទាំងអស់ សម្រាប់​ត្រៀម​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​នា​ចន្ទ​ទី ​២៧ ធ្នូ​នេះ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ទី​ ២៥ ​ខែធ្នូ​នេះ​ថា​កិច្ចប្រជុំ​នេះ​គឺ «​ដើម្បី​ណែនាំ​បច្ចេកទេស​ក្នុង​ដំណើរការ​ប្រឡង​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលបាន ព្រមទាំង​បង្ហាញ​ពី​វិធានការ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក លោកស្រី អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​នឹងចូលរួម​សហការ​គ្នា​ដើម្បីឱ្យ​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២១ ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

បន្ថែម​ពីនេះ លោកជំទាវ​ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ក៏បាន​ដឹកនាំ​ប្រជុំ​គណៈមេប្រយោគ​ទូទាំងប្រទេស​ប្រចាំការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ផងដែរ​។

ក្រសួង​បានឱ្យ​ដឹងថា គណៈមេប្រយោគ​ប្រចាំការ​មាន​តួនាទី​ទំនាក់ទំនង​ជាមួយ​គណៈមេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​មណ្ឌល​រាជធានី ខេត្ត ដើម្បី​ប្រមូល​ព័ត៌មាន ឆ្លើយតប​សំណួរ និង​ដោះស្រាយ​បញ្ហា​បច្ចេកទេស ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​អំពី​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឱ្យទាន់​ពេលវេលា​តាមរយៈ​គេហទំព័រ និង​បណ្ដាញ​សង្គម​ផ្លូវការ​ក្រសួង​អប់រំ​៕

អត្ថបទដែលជាប់ទាក់ទង