ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជិត ៥០០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៧០០ លីត្រ ត្រូវបានកម្ទេចចោល
ភ្នំពេញៈ មន្ត្រីធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនប្រមាណជិត ៥០០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៧០០ លីត្រ នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ធ្នូ នេះ។
ហ្វេសប៊ុកអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) របស់ក្រសួងពាណិជ្ជកម្មបញ្ជាក់នៅថ្ងៃទី ២៥ ធ្នូ ថា ការកម្ទេចចោលនូវទំនិញទាំងនេះធ្វើឡើង បន្ទាប់ពីមន្ត្រី កបប រាជធានីភ្នំពេញរកឃើញ និងដកហូតទំនិញខូចគុណភាពទាំងនេះនៅតាមបណ្ដាទីផ្សារ និងឃ្លាំងស្ដុកផ្សេងៗ ហើយបានយកមករក្សាទុករយៈពេលជិត ២ ខែកន្លងមកហើយ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ ខែមកនេះ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ មន្ត្រីជំនាញសាខា កបប រាជធានីភ្នំពេញបានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០ លីត្រនៅទីលានចាក់សំរាមខណ្ឌដង្កោ»៕