ក្រសួង​បរិស្ថាន​ផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ចំនួន​ជាង ​៦០ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញៈ ក្រសួង​បរិស្ថាន​ផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ចំនួន​ជាង ​៦០ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួងបរិស្ថាន​។

ការផ្តល់​ធុង​ញែក​សំរាម​នេះ​ធ្វើឡើង​ តាមរយៈ​គម្រោង​ធុងសំរាម ដែល​បាន​អនុវត្ត​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សសយក​) រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​ ២៥ ធ្នូ ដកស្រង់​សំដី លោក​ ខ្វៃ អាទិត្យា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន ក្រសួងបរិស្ថាន ថ្លែង​ខណៈ​ចុះ​ផ្តល់​ធុង​ញែក​សំរាម​នេះ​នា​ថ្ងៃទី​ ២៤ ធ្នូ ថា ការគ្រប់គ្រង​សំរាម​មិនបាន​ត្រឹមត្រូវ​នឹង​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ ប្រព័ន្ធ​អេកូឡូស៊ី ការបំពុល​បរិយាកាស ទឹក ដី ខ្យល់ ការគំរាមកំហែង​ដល់​និរន្តរភាព​ធនធាន​ធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ​សំរាម​ថង់​ប្លាស្ទិក​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព​មនុស្ស​សត្វ និង​ជីវៈចម្រុះ​ផ្សេងៗ ដូច្នេះ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ជា​ជម្រើស​ដ៏ល្អ​»​។

ប្រភព​ដដែល​ដកស្រង់​សំដី​លោក សន ប៊ុនមាន អនុប្រធាន​លេខាធិការដ្ឋាន​ សសយក រាជធានី​ភ្នំពេញ ថា​ការច្នៃប្រឌិត​ធុងសំរាម​ជា​ក្អម ជា​អង្រុត​ជាដើម​នេះ គឺ​ចង់បង្ហាញ​ថា​របស់​ទាំងអស់​នេះ​គឺជា​អត្តសញ្ញាណ​របស់​ខ្មែរ និង​ចូលរួម​ថែរក្សា​នូវ​មរតក​ខ្មែរ ទុកឱ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់ និង​បាន​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ការទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការចូលរួម​កាត់បន្ថយ​ការបញ្ចេញ​សំរាម​ដែល​ដាក់បន្ទុក​ទៅលើ​ទីលាន​ចាក់សំរាម​៕

អត្ថបទដែលជាប់ទាក់ទង