ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​ពិនិត្យ​លើ​សំណុំ​ឯកសារ​ពាក់ព័ន្ធ ក្រសួង​សូម​ធ្វើការ​បំភ្លឺថា​រថយន្ត Hyundai Venue បាន​ចុះបញ្ជី​ប្រើប្រាស់​ស្លាក​លេខ​ស្របច្បាប់ ក្នុង​ឆ្នាំ​ ២០២១​។ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញៈ ក្រោយពី​មាន​ការផ្សព្វផ្សាយ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​អំពី​រថយន្ត​ ២ ​គ្រឿង​ដែល​ប្រើប្រាស់​លេខ​ចុះបញ្ជី “​ភ្នំពេញ 2AQ-1333” លើ​រថយន្ត​ម៉ាក​ Hyundai Venue និង រថយន្ត​ម៉ាក​ Lexus NX 200t ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​រកឃើញថា​រថយន្ត​ម៉ាក​ Lexus ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​។

ក្រសួង​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​ ២៤ ​ខែធ្នូ​ថា ក្រោយពី​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​ពិនិត្យ​លើ​សំណុំ​ឯកសារ​ពាក់ព័ន្ធ ក្រសួង​សូម​ធ្វើការ​បំភ្លឺថា​រថយន្ត Hyundai Venue បាន​ចុះបញ្ជី​ប្រើប្រាស់​ស្លាក​លេខ​ស្របច្បាប់ ក្នុង​ឆ្នាំ​ ២០២១​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​រថយន្ត Lexus NX 200t ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​ស្តីពី​ចរាចរណ៍ ផ្លូវគោក និង​អនុក្រឹត្យ​ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់ យានជំនិះ​។ ករណី​រថយន្ត Lexus NX 200t បំពាក់​ស្លាក​លេខ​ក្លែងក្លាយ​ខាងលើ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ធ្វើការ​ជូនដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមមាន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

ក្រសួង​ក៏បាន​ជម្រាបជូន​សាធារណជន​ផងដែរ​ថា ការចុះបញ្ជី​យានយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​ដោយ​ស្វ័យប្រវត្តិ ធានា​មិន​ឱ្យមាន​ការចុះ​បញ្ជីចេញ​ស្លាក​លេខ​ស្ទួន ឬ​យានយន្ត​ចុះបញ្ជី​ដោយ​គ្មាន​ការបង់ពន្ធ​នាំចូល ព្រមទាំង​មាន QR Code សម្រាប់​ស្កេន​ផ្ទៀងផ្ទាត់​គល់បញ្ជី​ជា​សាធារណៈ​នៅលើ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត ថែម​ទៀតផង​។

ក្រសួង​បាន​អំពាវនាវ​ថា ដើម្បី​អាច​ដឹងថា​យានយន្ត​មាន​ចុះបញ្ជី​បំពាក់​ស្លាក​លេខ​មាន QR Code ត្រឹមត្រូវ ឬ​ក្លែងក្លាយ សូម​សាធារណជន និង​បណ្តាញ​សារព័ត៌មាន​ចូលរួម​ស្វែងយល់ និង​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០១៧ ស្តីពី​វិធី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​បណ្ណ​សម្គាល់​យានយន្ត បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ និង​លតាបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ស្លាក​លេខ​យានយន្ត​មាន QR Code​។

ក្រសួង​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ និង​សាធារណជន​ពី​វិធី​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​យានយន្ត និង​បណ្ណ​បើកបរ​ឱ្យបាន​ទូលំទូលាយ ដើម្បី​កាត់បន្ថយ និង​ឈានទៅរក​ការលុបបំបាត់ ការ​ក្លែងបន្លំ ឯកសារ​សាធារណៈ និង​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជាពិសេស​ការពារ​បងប្អូន​ប្រជាពលរដ្ឋ​ពី​ភាព​ងាយ​រងគ្រោះ​ដោយសារ​ក្រុម ឬ​បុគ្គល​ទុច្ចរិត​។

ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​យក​រថយន្ត​របស់​ខ្លួន​ទៅធ្វើ​ការចុះបញ្ជី​បំពាក់​ស្លាក​លេខ​ឱ្យបាន​ស្របច្បាប់ មុននឹង​យកទៅ​ប្រើប្រាស់ និង​សូម​ចៀសវាង​ការប្រើប្រាស់ យានយន្ត​ដោយ​មិនបាន​ចុះបញ្ជី​បំពាក់​ស្លាក​លេខ​សម្គាល់​ស្របច្បាប់ ឬ​បំពាក់​ស្លាក​លេខ​សម្គាល់​ក្លែងក្លាយ ដូច​ករណី​ខាងលើ​៕

អត្ថបទដែលជាប់ទាក់ទង