ការប្រលងបាក់ឌុបឆ្នាំនេះដំណើរការទៅដោយរលូន ដោយសារតែយើងមានខ្សែក្រវ៉ាត់ការពារជម្ងឺកូវីដ-១៩គ្រប់គ្រាន់

ភ្នំពេញ៖ ដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះ បានដំណើរការទៅដោយរលូនគ្មានអ្វីជាឧបសគ្គឡើយ គឺដោយសារយើងមានខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ដែលអាចអោយដំណើរការនៃការប្រឡងបាក់ឌុបឆ្នាំនេះទទួលបាននូវភាពរលូននិងជោគជ័យបើទោះបីជំងឺកូវីដ-១៩នៅតែបន្តការរីករាលដាលយ៉ាងណាក្តី ។


នេះបើតាមការលើកឡើងរបស់ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈដែលលោកអមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឃាង សេងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះបើកវិញ្ញាសារប្រឡងបាក់ឌុបនេះនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ។


ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងជម្ងឺកូវីដ-១៩បានល្អប្រសើរ ដោយសារតែប្រជាពលរដ្ឋទាំងអស់ត្រូវបានចាក់វ៉ាក់សាំងប្រមាណជា ៩០ភាគរយ ហើយក្នុងចំនួននេះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស្ទើរតែ ១០០ភាគរយហើយដែរ ដែលបានចាក់បាក់សាំងការពារជំងឺកូវីដ-១៩ ។

កត្តាទាំងនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងដំណើរការទៅដោយប្រក្រតីមិនមានអ្វីដែលជាការរាំងស្ទះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែតម្រូវឲ្យអនុវត្តនូវវិធានរបស់ក្រសួងសុខាភិ​បាល​ពិសេសគឺការអនុវត្ត៣កុំនិង៣ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។


ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានបន្តទៀតថា អ្វីដែរមិនមានហានិភ័យនោះគឺយើងមានខ្សែក្រវ៉ាត់ការពារគ្រប់គ្រាន់ ក្នុងនោះខ្សែក្រវ៉ាត់ទីមួយគឺ យើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្ទើតែ១០០% ខ្សែក្រវ៉ាត់ទី២ យើងបន្តពាក់ម៉ាសគ្រប់គ្នានិងគ្រប់ពេលនិងទី៣ យើងបានលាងដៃជាមួយសាប៊ូ អាកុល ជែលជាប់ជាប្រចាំ ខ្សែក្រវាត់ទាំងទី៣ គឺជាយ័ន្តការពារជម្ងឺកូវីដ-១៩យ៉ាងល្អប្រសើរបំផុត។
ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់មាន មណ្ឌលសំណេរចំនួន​សរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦បន្ទប់។

ក្នុងចំនួននេះ មានបេក្ខជន២រូប មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងនោះ មានម្នាក់ផ្ទុកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ពួកគាត់ជាកីឡាករ ការ៉ាត់តេដូមកពីប្រទេស កាហ្សាស្ថាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីពួកគាត់ទាំងពីរនាក់ នៅតែទទួលបានការប្រលងបាក់ឌុបនេះផងដែរ ដែលយើងបានដាក់ពួកគាត់អោយនៅដាច់ដោយ​ឡែកពីគេឯង គឺអោយពួកគាត់ប្រឡងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃ មជ្ឈមណ្ឌលព្យាបាលជំងឺរបេង ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។


លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូ ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ មានមណ្ឌលប្រលងចំនួន ២៨មណ្ឌល មាន ៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន ២០៧៥៤នាក់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង