អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង
នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៧ ធ្នូ ២០២១ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់ ស្រី ១.៩២៤នាក់ ចែកចេញជា៧មណ្ឌល និង១៥៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ០២មណ្ឌល (មាន៣៣បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ បឋមសិក្សា ហ៊ុន សែន កន្ទុយវ៉ៃ។ ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន ៣.០០៨នាក់ ស្រី១.៤៤២នាក់ ចែកចេញជា ០៥មណ្ឌល (មាន ១២១បន្ទប់) រួមមាន៖ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលសាលាបឋមសិក្សា ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត៕