សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពជនពិការ និងមានជីវភាពខ្វះខាតខ្លាំង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពឈ្មោះ អែល សំអូន ភេទប្រុស អាយុ ៦៥ឆ្នាំ ជាជនពិការ និងមានជីវភាពខ្វះខាតខ្លាំង បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់កន្លងទៅ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូដួល ធ្លាក់ពីលើស្ពាន​យោល អូរពង់ទូ) ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយសពត្រូវបានតម្កល់ទុក និងធ្វើបុណ្យតាមប្រពៃណីស្ថិតនៅក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ស្ថិតក្នុងវេលាដ៏សោកសង្រេងក្នុងឱកាសនេះ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់សមាជិកក្នុងគ្រួសារជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈចូលបុណ្យរួមមានៈ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មុង១ សារុង១ ក្រមា១ សាប៊ូលាងដៃចំនួន ២ដុំ ម៉ាស់ចំនួន៣ និងបច្ច័យចំនួន ១០០ ០០០រៀល៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង