អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំគណៈប្រតិភូចុះសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ផលិតទឹកដោះគោស្រស់ ១០០% ម៉ាកសញ្ញា (គិរីសួគ៌) ស្ថិតនៅឃុំកណ្ដឹង ស្រុកបាទី
តាកែវ៖ ក្នុងរយះពេលពេញមួយថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ ចុះសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្ម ផលិតទឹកដោះគោស្រស់ ១០០% ម៉ាកសញ្ញា (គិរីសួគ៌) របស់ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី និងដោយមានការអញ្ជើញចូលរួមអមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងស្រុកបាទី ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. ដែលបានបោះទុនលើការផលិតទឹកដោះគោស្រស់ ប្រកបដោយគុណភាពខ្ពស់ ដែលជាស្នាដៃកូនខ្មែរពិត ១០០% នៅក្នុងទឹកដីនៃខេត្តតាកែវ ដែល រោងចក្រនេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។
បើតាមការបញ្ជាក់ពីតំណាងកសិដ្ឋានគីរីសួរនេះថា កសិដ្ឋានចិញ្ចឹមគោទឹកដោះទំនើបទាន់សម័យនេះ វាពិតធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហត រចនាសម្ព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។ល។
បច្ចុប្បន្ន គោចំនួន ជាង៩០០ក្បាល ត្រូវបាននាំចូល ក្នុងនោះគោចំនួន ៥០០ក្បាលចាប់ផ្តើមផ្តល់ទឹកដោះបានចន្លោះពី២០ទៅ៣០លីត្រ/ថ្ងៃ ជាមធ្យមកសិដ្ឋានផលិតទឹកដោះបាន ១ម៉ឺនលីត្រ ល/ថ្ងៃ។ ចំណី (ស្មៅ និងពោត) ដាំខ្លួនឯង ដោយឡែកសណ្តែកសៀង និងកាកស្រាបៀប្រមូលទិញក្នុងស្រុក។ ចំពោះសុខភាពសត្វ រាល់សត្វនីមួយៗត្រូវបានបំពាក់ដោយសេនស័រ(Sensor)និងលេខកូដនៅជើង ហើយភ្ជាប់ទៅប្រព័ន្ធត្រួត ពិនិត្យសុខភាព ក្នុងករណីគោណាមួយមានបញ្ហាសុខភាពវានឹងបង្ហាញប្រាប់ ជាបន្ទាន់គេនឹងចាត់ វិធានការត្រួតពិនិត្យតាមលក្ខណ:បច្ចេកទេសច្បាស់លាស់មួយបានទាន់ពេល និងមានប្រសិទ្ធភាព។ បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន ៦០នាក់ និងមន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន ៦នាក់ (អីស្រាអែល ៤ និងរុស្សី ២)៕