ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ អញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយ៍​បូមទឹក​ឆៅ របស់អង្គភាពរដ្ឋាករទឹក មានទីតាំងស្ថិតនៅក្នុងអាង​ទន្លេ​វ៉ៃ​គោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង

នា​ព្រឹកថ្ងៃ​ពុធ ទី​២៩ ខែធ្នូ ឆ្នាំ​២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសាងសង់ស្ថានីយ៍​បូមទឹក​ឆៅ របស់អង្គភាពរដ្ឋាករទឹក មានទីតាំងស្ថិតនៅក្នុងអាង​ទន្លេ​វ៉ៃ​គោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពរដ្ឋាករទឹកខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា​ ដើម្បី​ធានាបាននូវនិរន្តរភាពក៏ដូចជា​ការបំពេញ​សេចក្តីត្រូវការលេីការប្រើប្រាស់ទឹកស្អាត នៅក្នុង​ក្រុង​ស្វាយរៀង និង​តំបន់​ជាយក្រុង ឲ្យ​បាន​គ្រប់គ្រាន់ តាម​សំណូមពរ​របស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តស្វាយរៀង​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាននិងកំពុងអនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ទីប្រជុំជន លេខ ​៣២៣២ ឥណទាន​សម្បទានរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​បដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​រួមមានការសាងសង់ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកស្អាតថ្មី​បន្ថែម ការពង្រីកបណ្តាញ​ចែកចាយ និង​ស្ថានីយ៍​បូមទឹក​ឆៅ មួយកន្លែងនេះ​ស្ថិតនៅក្នុងអាង​ទន្លេ​វ៉ៃ​គោ ស្ថិតនៅ​ខាងជើង​ទ្វារ​ទឹកស្ពាន​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​​។

ចំពោះការសាងសង់​ស្ថានីយ៍​បូមទឹក​ឆៅ​នេះ ត្រូវ​ការចាក់អាចម៍ដី​បំពេញជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​សម្ភារៈចូលក្នុង​ការដ្ឋាន និង​ការបុក​គ្រឹះ​ស្ថានីយ៍​បូមទឹក​ឆៅ (intake) បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​។ ចំពោះ​អាចម៍ដី ដែល​បាន​ចាក់​ចូល ទៅក្នុង​ទន្លេ សម្រាប់​បម្រើឱ្យ​ការដ្ឋាន​ខាងលើ នឹងត្រូវ​យកចេញ​វិញ​ទាំងអស់ នៅពេលដែលការដ្ឋាន ត្រូវបាន​បញ្ចប់ ១០០%៕

អត្ថបទដែលជាប់ទាក់ទង