ឆ្នាំ២០២២នេះ ខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ មានចំនួន៦៣គម្រោង
ខេត្តកណ្តាល៖ គម្រោងអភិវឌ្ឍន៍របស់ខេត្តសម្រាប់ឆ្នាំ២០២២ មានចំនួន ៦៣គម្រោង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ នឹងភ្លើងបំភ្លឺផ្លូវការអភិវឌ្ឍជាច្រើននេះជាការលើកឡើងរបស់ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ដែល បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍខេត្ត មានចំនួន១៨គម្រោង។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។
រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោងរួមមាន៖ -គម្រោងក្នុងខេត្ត មានចំនួន ៦គម្រោង -ស្រុកកណ្តាលស្ទឹង មានចំនួន ៤គម្រោង -ស្រុកកៀនស្វាយ មានចំនួន ៤គម្រោង -ស្រុកខ្សាច់កណ្តាល មានចំនួន ៤គម្រោង -ស្រុកកោះធំ មានចំនួន ៣គម្រោង -ស្រុកលើកដែក មានចំនួន ៣គម្រោង -ស្រុកអង្គស្នួល មានចំនួន ២គម្រោង -ស្រុកពញាឮ មានចំនួន ៥គម្រោង -ស្រុកស្អាង មានចំនួន ៣គម្រោង -ក្រុងតាខ្មៅ មានចំនួន ២៦គម្រោង៕ អរគុណសន្តិភាព