អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិជិត៤០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជននៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន៣៩៩នាក់បន្ថែមទៀត ដែលជាអតីតសមាជិក អតីតគណបក្សសង្គ្រោះជាតិ ឃុំចំណោម ស្រុកមង្គលបុរី ដើម្បីបន្តជីវភាពនយោ​បាយ​​ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបានជោគជ័យក្នុងការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំណោម និងមានការអញ្ជើញចូលរួមពីលោក លី សារី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកមង្គលបូរី លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំចំណោម និងលោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានឃុំទាំង១៣ ក្នុងស្រុកមង្គលបុរី ព្រមទាំង ប្រធាន អនុប្រធានក្រុមការងារ ចុះជួយភូមិទាំង១៨ ក្នុងឃុំចំណោមផងដែរ។

នៅក្នុងឱកាសនោះ​ លោក អ៊ុ រាត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន ដែលជាសមាជិកគណបក្សប្រជាជនថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ដែលបានសម្រេចយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពនយោបាយ។ លោកថា ៖ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានតែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍន៍ កាន់តែរីកចម្រើនថែមទៀត។ លោក​ ក៏បានផ្តាំផ្ញើរដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះឱ្យបានយូរអង្វែង សម្រាប់អនាគត់កូនចៅយើងបន្តទៅទៀត។

លើសពីនេះទៅទៀតនោះលោកក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចូលមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាគុណបំណាច់របស់ប្រជាជនដេីម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និង​អភិវឌ្ឍន៍ប្រទសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង