ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអំណោយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពនៃមន្ត្រីស៊ីម៉ាក
ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្តុកក្តូលនៃការបាត់បងជីវិតនៃមន្ត្រីដោះមីនក្នុងឧបទ្ទវហេតុដោះមីននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនចំនួន ៣គ្រួសារ ដល់គេហដ្ឋាន ក្នុងហេតុការផ្ទុះមីន នៅខេត្តព្រះវិហារ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២២ ។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់លោក ហួន លី គឺជាការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ ក្រុមគ្រសារ និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារការពារទឹកដី និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
គ្រួសារសពមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីនចំនួន ៣គ្រួសារមាន ៖
– ទី១៖ លោក ម៉ក ចក ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន ភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប
– ទី២៖ លោក ម៉ា ស៊ីម៉េត ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន នៅភូមិក្រាំងខ្ជាយ ឃុំទឹក្រហម ស្រុកជាំក្សាន្ត ខេត្តសៀមរាប
– ទី៣៖ លោក ស៊ុន វង់ ជាមន្ត្រីនៃក្រុមកម្ទេចគ្រឿងផ្ទុះរបស់អង្គការដោះមីនកម្ពុជា និងសង្គ្រោះជនពិការដោយសារមីន នៅភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់យុទ្ធជនទាំង៣ គឺជាការបាត់បង់ដ៏ធំធេងនូវ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ លោកស្រី និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារមនុស្សធម៌ ជាច្រើនឆ្នាំកន្លងមកនេះ និងបានសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ឲ្យរួចផុតពីការគំរាមកំហែងដោយសារមីន ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ យុទ្ធជនទាំង៣ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ អរគុណសន្តិភាព