អំឡុងពេលកូវីដ១៩រយៈពេល២ឆ្នាំ នាឆ្នាំ២០២០ និង២០២១ រដ្ឋបាលរាជធានីនៅបន្តស្ថាបនានិងជួសជុលសួនច្បារបាន២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីផង និងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ទោះបីនៅក្នុងអំឡុងកូវីដ១៩នាឆ្នាំ២០២០និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនានិងជួសជុលសួនច្បារបានចំនួន២កន្លែង ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ មករានេះថា៖នៅក្នុងឆ្នាំ២០២០និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តការងារស្ថាបនានិងជួសជុល​សួនច្បារបានចំនួន ២កន្លែង បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺ ដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។

សួនច្បារ២កន្លែងនេះរួមមាន៖ ទី១ ស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង ៥៥០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ បានស្ថាបនាបញ្ចប់ ១០០ភាគរយ។

សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមាន ជាទីធ្លាសម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារ តែនៅមិនទាន់បានសាងសង់បង្គន់អានាម័យនិងចំណតរថយន្តនៅឡើយទេ។

លោក សំ សាមុត បានបន្តថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អរសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។

ជាក់ស្ដែង នៅខណ្ឌសែនសុខនេះ ពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ ឯកឧត្តម ឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជ​ធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។

ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ បានធ្វើការ ជួសជុលកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិ ។

សួនច្បារនេះត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដា ឆ្នាំ២០២១ ដោយធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច ។

តែពេលនេះបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង ៤៥ម៉ែត្រ សម្រេចបាន១០០%។

សួនថ្មីនេះបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន។

លោក សំ សាមុត បានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា ។

បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង