ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទ សិក្ខាសាលាស្តីពី “ការប្រើប្រាស់រាជសព្ទ និងសង្ឈសព្ទ”

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាស្តីពី “ការប្រើប្រាស់រាជសព្ទ និងសង្ឈសព្ទ” ដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាម ដែលជា មន្រ្តីរាជការ ក្រសួងព័ត៌មាន និងពិធីករពិធីការនីតាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា ពិធីករ ពិធីការិនី និងអ្នកអានព័ត៌មាន ដែលបំពេញការងារក្នុងប្រពន្ធ័ផ្សព្ធផ្សាយ គួរតែសិក្សាស្វែងយល់ឲ្យបានជ្រៅជ្រះនូវ “រាជសព្ទ និង សង្ឃសព្ទ” ដើម្បីនិយាយ និងធ្វើការអត្ថាធិប្បាយឲ្យបានត្រឹមត្រូវ ជៀសវាងកំហុសខុសឆ្គង និងការរិះគន់ ។
ឯកឧត្តម ជុំ កុសល បានបន្ថែមថា ដូច្នេះទើប ក្រសួងព័ត៌មាន បានរៀបចំសិក្ខានេះឡើង ដើម្បីជម្រុញលើកទឹកចិត្តដល់ ពិធីករ ពិធីការិនី និងអ្នកអត្ថាធិប្បាយ នៅក្នុងវិស័យសោតទស្សន៍ ទាំងអស់ពីបានយល់ដឹងនូវរាជសព្ទ និង សង្ឃសព្ទ ដោយមិនត្រូវប្រឹងនិយាយដោយខុសនោះទេ គឺត្រូវមានការយល់ដឹងបានច្រើនហើយ កិច្ចការងារនេះ ក្នុងរយៈពេលកន្លងមក ឯកឧត្តម ស្នើសុំសៀវភៅ រាជសព្ទ ពីព្រះបរមរាជវាំង យកមកចែកជូនដល់បណ្តាស្ថានីយ៍ទូរទស្សន៏ទាំងអស់ ដើម្បីទុកជាឯកសារសិក្សា ស្វែងយល់ និងប្រើប្រាស់ រាជសព្ទ អោយបានត្រឹមត្រូវទាំងអស់គ្នា។
ចាប់ពីពេលនេះទៅការប្រើប្រាស់រាជសព្ទ និង សង្ឃសព្ទ តាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន នឹងបានកាន់តែល្អប្រសើរ ហើយក្រសួងព័ត៌មាន នឹងបន្តខិតខំរៀបចំសិក្ខាសាលានេះ ព្រោះថា នៅមានបងប្អូន ពិធីករ ពិធីការិនី ជាច្រើនរូប នៅមិនទាន់ទទួលបាននូវចំណេះដឹងផ្នែកនេះនៅឡើយ ។
ឯកឧត្តម កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានជម្រាបជូន ពីគោលបំណងនៃអង្គសិក្ខាសាលា គឺជាការផ្តល់នូវចំណេះដឹងបន្ថែម សំរាប់អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី អ្នកអានព័ត៌មាន មកពីបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុក បានស្វែងយល់កាន់តែច្បាស់ពី រាជសព្ទ និងសង្ឃសព្ទ ដែលជាកិច្ចការមិនអាចខ្វះបានសំរាប់ទាំងអស់គ្នា ជាអ្នកប្រកបអាជីពខាងសារព័ត៌មាន ហើយជាពិសេសជាងនេះទៅ ទៀតគឺប្រទសកាន់សាសនាព្រះពុទ្ធជាសានារបស់រដ្ឋ និងជាប្រទេសប្រកាន់នូវ របបរាជានិយម ដែលមាន ព្រះមហាក្សត្រគ្រងរាជសម្បត្តិ ។
នៅក្នុងឱកាសនេះផងដែរ ក៏មានវាគ្មិន គឺលោក ប្រាក់ សម្ពស្ស សាស្រ្តាចារ្យ នៃ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុ បានអញ្ជើញមកធ្វើបទបង្ហាញស្តីពី ការប្រើប្រាស់ និងស្វែងយល់សម្រាប់រាជសព្ទ ។
ចំណែកឯ ព្រះភិក្ខុបញ្ញាមុនីញ្ញាណ ហាក់ សៀងហៃ រាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាក្រុមប្រឹក្សាជាតិ ភាសាខ្មែរ នៃ រាជបណ្ឌិតសភាកម្ពុជា និងជា នាយកប្រតិបត្តិ អង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា ក៏បានធ្វើបទបង្ហាញស្តីពី “ការស្វែងយល់ប្រើប្រាស់នូវ សង្ឃសព្ទ” ។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បិទអង្គសិក្ខាសាលា ដោយបានគួសបញ្ជាក់ថា ការចេះប្រើប្រាស់ “រាជសព្ទ និងសង្ឃសព្ទ” របស់ពិធីករ-ពិធីការិនី ជាគឺជោគជ័យមួយផ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ហើយជាផ្នែកមួយក្នុងការទាក់ទាញចំណង់ចំណូលចិត្តរបស់ប្រជាជន ហើយបានបង្ហាញពីកម្រិតយល់ដឹង និងបានលើកតម្លៃទាំងអស់គ្នានៅក្នុងសង្គម។
ការចេះប្រើប្រាស់នូវ”រាជសព្ទ និងសង្ឃសព្ទ” របស់ពិធីករ-ពិធីការិនីនេះទៀតសោត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការសរសើរចំពោះ ពិធីករ ពិធីការិនី ដែលបានប្រឹងប្រែងស្វែងយល់ពីគោល​នយោយល់របស់រាជរដ្ឋាភិបាល ដើម្បីពាំនាំឲ្យប្រជាជនបានយល់បានដឹង ក៏ដូចជាពាំនាំនូវកង្វល់របស់ប្រជាជន មកជូនរាជរដ្ឋាភិបាលបានដឹង និងធ្វើការដោះស្រាយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានអរគុណចំពោះ ឯកឧត្តម ជុំ កុសល និង ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន (សហការផ្សាយផ្ទាល់ជាមួយក្រុមការងារទីភ្នាក់ងារសារព័ត៌មាន MTV-TODAY) ដែលបានរៀបចំជាសិក្ខាសាលានេះឡើង ដើម្បីផ្តល់ចំណេះដឹង និងការយល់ដឹង​ពីការប្រើប្រាស់ “រាជសព្ទ និង សង្ឃសព្ទ” ឲ្យបានត្រឹមត្រូវ ហើយក៏ផ្តល់ឱកាសឲ្យមានការជួបជុំស្គាល់គ្នា ផ្តាស់ប្តូរបទពិសោធន៍ទៅវិញទៅមកក្នុងប្រព័ន្ធផ្សព្ធផ្សាយ រវាងអ្នកធ្វើអត្ថាធិប្បាយវិទ្យុ និងទូរទស្សន៍៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង