បឹងទន្លេសាប គឺជាបឹងទន្លេសាបធំបំផុតមួយនៅអាស៊ីអាគ្នេយ៍

ក្នុងរដូវប្រាំង បឹងទន្លេសាប បានគ្របដណ្តប់ផ្ទៃដីដល់ទៅជាង ២៥០០គីឡូម៉ែត្រការ៉េ កម្ពស់ទឹកបឹងក្នុងរដូវវស្សា បានពង្រីកវិសាលភាពចំនួន ៤ដង ពីជម្រៅអតិបរមា ៤ម៉ែត្រ ទៅ ១០ម៉ែត្រ។

ជីវិតនៅជុំវិញបឹង រួមទាំងប្រជាជនរស់ក្នុងតំបន់នេះផងដែរ ត្រូវបានប្រែប្រួលទៅតាមវដ្តនៃរដូវ។

នៅពេលដែលភ្លៀងមូសុងវស្សាថយចុះក្នុងខែវិច្ឆិកា ទឹកទន្លេមេគង្គក៏ចាប់ផ្តើមស្រកចុះ ទឹកក្នុងបឹងទន្លេសាប ក៏ហូរត្រឡប់ចេញមក ឆ្លងកាត់ទន្លេសាបចូលក្នុងទៅទន្លេមេគង្គវិញ។

ស្របពេលជាមួយគ្នានោះ ហ្វូងមច្ឆជាតិដ៏ច្រើនឥតគណនា ក៏បានធ្វើចរាចរបម្លាស់ទីចេញពីបឹងទន្លេសាប ត្រឡប់ចូលទៅក្នុងទន្លេមេគង្គវិញផងដែរ។

ព្រឺត្តិការណ៍ទាំងនេះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងតំបន់ ទទួលបានផលប្រយោជន៍ពីការធ្វើចរាចរផ្លាស់ទីនៃហ្វូងត្រីដ៏មហាសាល ពួកគេបានសង់លំនៅដ្ឋានជាផ្ទះចល័ត ផ្ទះបណ្តែតទឹក ឬផ្ទះដែលមានជើងសរសរខ្ពស់ៗ ដើម្បីគេចឲ្យផុតពីទឹកជំនន់នៅរដូវវស្សា ពួកគេរស់នៅក្នុងផ្ទះបណ្តែតទឹក ដើម្បីធ្វើការនេសាទតែម្តង។

«ទន្លេសាប គឺជាទីតាំងធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិដ៏ច្រើនលើសលប់ក្នុងលោក ដែលចេញពីបឹងទន្លេសាប ការធ្វើចរាចរណ៍បម្លាស់ទីនេះ គឺជាការធ្វើចរាចរណ៍ផ្លាស់ទីដ៏មហាសាល ដោយមានចំនួន មច្ឆជាតិចូលរួមដ៏ច្រើនបំផុត នឹងបានកើតមានឡើងនៅបាតទន្លេសាប តែយើងមិនអាចមើលឃើញ ដែលជាការផ្លាស់ទីដ៏ធំអស្ចារ្យបំផុតមួយ មិនគួរឲ្យជឿនៅលើភពផែនដីនេះ វាគឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលមនុស្សភាគច្រើនមិនដែលបានដឹង និងមិនដែលបានឮអំពីវា»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានកាប់ឆ្ការដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកធ្វើកម្មសិទ្ធជាដីកសិកម្ម ការនេសាទហួសកម្រិតពីអតីតកាល និងបច្ចុប្បន្ន ការប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប ពិសេសក្នុងរដូវត្រីពង-កូន និងធំធាត់ បានធ្វើឲ្យមច្ឆាជាតិគ្រប់ប្រភេទ មាននិន្នាការធ្លាក់យ៉ាងខ្លាំង និងមានប្រភេទខ្លះ ឈានទៅផុតពូជតែម្តង ក្នុងនោះ ជីវចម្រុះជាច្រើនប្រភេទ ក៏បានបាត់បង់ផងដែរ។
ទាំងនេះ បានធ្វើឲ្យជីវភាពប្រជានេសាទដែលរស់នៅក្នុងតំបន់ជួបបញ្ហាខ្វះខាត និងអ្នកខ្លះក៏បានផ្លាស់ប្តូរមុខរបរពីការនេសាទត្រី នៅប្រកបមុខរបរផ្សេងៗវិញ៕
