ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជូនរដ្ឋបាលរាជធានី ដោយមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រផងដែរ ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន

ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន៤ គ្រឿង ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) ។

ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន ៤ គ្រឿងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញនិងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាល​បច្ចេកទេសជូនដល់អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ឯកឧត្តមបន្តថា៖ គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូច​ខាត​ទ្រព្យ សម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យក៏ ត្រូវបាន​ជូបប្រទះនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។

បើផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២នាក់ របួសចំនួន ២៣នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ដូចជា ឆេះផ្ទះ ២៨ខ្នង ឃ្លាំង-រោចក្រ ១០កន្លែង បន្ទប់ស្នាក់នៅ ៣៦បន្ទប់ រថយន្ត ៣៦គ្រឿង យានយន្ត គ្រឿងចក្រ និងសម្ភារៈ-បរិក្ខារមានតម្លៃជាច្រើនទៀត។ ឯកឧត្តមអភិបាលបន្តថា៖ ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបាន​សាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និងបណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ។

ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

ឯកឧត្តមបន្តទៀតថា សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុនបានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះ ជាប្រភេទរថយន្ត ពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិដែលមាន ចំនួនសរុប ៤គ្រឿង ក្នុងនោះរួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២គ្រឿង រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយ សារធាតុគីមីចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់ ៤០ម៉ែត្រ ចំនួន ១គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូនកងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍លើកឡើងផងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះ បានបរិច្ចាគដោយ រដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុនតាមរយៈជំនួយឥតសំណងគម្រោងគូសាណូណិដោយមានកិច្ចសហប្រតិបត្តិការពី អង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។រថយន្តពន្លត់អគ្គិភ័យវានឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ ។ លោកទូតប្រាកដថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរណ៍ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង