គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីព

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីព លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានៅសកលវិទ្យាភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងលោក Pradeep Wagle តំណាងOHCHR។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម កែវ រ៉េមី បានថ្លែងថាការធ្វើកិច្ចពិគ្រោះយោបល់លើសេក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ និងរីករាយយ៉ាងក្រៃលែង ដោយមានវត្តមានការចូលរួមពីតំណាងសហជីព ហើយកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើជាបន្តបន្ទាប់ទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាច្បាប់នេះបម្រើឱ្យប្រយោជន៍ដល់ជនគ្រប់រូប ជាពិសេសធានាបាននូវការការពារ ការលើកកម្ពស់ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែប្រសើរឡើងថែមទៀត។

លោក Pradeep Wagle បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកនឹងបន្តសហការជាមួយគ.ស.ម.ក.ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

ឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តដឹកនាំកិច្ចពិគ្រោះយោបល់នេះ និងបានស្នើអង្គសិក្ខាទាំងមូលចូលរួមផ្តល់ជាមតិយោបល់ ក៏ដូចជាធាតុចូលនានាក្នុងន័យស្ថាបនាសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈតម្លាភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងត្រូវបង្កើតឡើង គឺស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវ: និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។

គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងដោយ គ.ស.ម.ក. និងមានសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។

គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។

កិច្ចពិគ្រោះយោបល់បានពិភាក្សា ផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មនិងផុសផុលរាល់មាត្រា និងជំពួកនីមួយៗក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល ប្រកបដោយជោគជ័យ៕

