«ទឹកឃ្មុំព្រៃមណ្ឌលគិរី»គឺជាទំនិញទី ៤ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (GI)

ថ្ងៃទី២៩ ខែមករា ខាងមុខ គឺជាខួបមួយឆ្នាំកាលដែល«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទៅក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (GI)។ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» គឺជាទំនិញទី ៤ ដែលក្រសួងពាណិជ្ជកម្មបានចុះបញ្ជីទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ បន្ទាប់ពីម្រេចកំពតស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។ ការចុះបញ្ជីនេះមានន័យថា «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងត្រូវបានការពារដោយមានដើមកំណើតផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព និងគុណតម្លៃច្បាស់លាស់ ព្រមទាំងធ្វើឱ្យប្រជាជន និងផលិតករក្នុងតំបន់អាចធ្វើការផ្ទេរចំណេះ និងជំនាញបន្តពីជំនាន់មួយទៅជំនាន់មួយទៀត លក្ខណពិសេសរបស់ទឹកឃ្មុំព្រៃមណ្ឌលគិរីគឺមានរសជាតិផ្អែមឆ្ងាញ់ ខាប់ និងមានក្លិនក្រអូប។

មានសហគមន៍ចំនួន ១១ នៃសមាគមឃ្មុំព្រៃមណ្ឌលគិរី បាននិងកំពុងអនុវត្តការប្រមូលទឹកឃ្មុំ GI ហើយក្នុងមួយឆ្នាំ សហគមន៍ទាំង ១១ នេះ ( ៩ សហគមន៍ជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច)នៃសមាគមទឹកឃ្មុំព្រៃមណ្ឌលគិរីអាចប្រមូលទឹកឃ្មុំបានជាង ៥០តោនក្នុងមួយឆ្នាំ។

រួមទាំងសហគមន៍ផ្សេងទៀត គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីមួយ សហគមន៍អាចប្រមូលផលទឹកឃ្មុំព្រៃបានចន្លោះពី ១៥០ ទៅ ២០០តោន ក្នុងមួយឆ្នាំ។

អង្គការដៃគូជាពិសេសអង្គការ WWF បានជួយជ្រោមជ្រែងលើការងារស្នើសុំចុះបញ្ជីនេះ និងការជួយគាំទ្រសហគមន៍ដើម្បីបង្កើតមុខរបរ បង្កើនចំណូល បង្កើនជីវភាពប្រជាពលរដ្ឋសហគមន៍៕ អរគុណសន្តិភាព