ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត្តកណ្ដាលចុះជួបសំណេះសំណាលនិងនាំយកអំណោយចែកជូនកងកម្លាំងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេស
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ មន្ទីរជុំវិញសាលាខេត្តនិងកងកម្លាំងទាំងបី ចុះពិនិត្យវឌ្ឍន៍ភាពសាងសង់ប៉ុស្តិ៍ចាំយាម តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ២កន្លែង ត្រង់ចំណុចស្ពានឈើព្រែកជ្រៃ ក្នុងភូមិសាស្ត្រស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល និងបានជួបសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងវិរៈនគរបាលការពារព្រំដែនលេខ ៦០៥ និងយោធាការពារព្រំដែនវិរៈលេខ៦០១ នៅទីបញ្ជាការដ្ឋានយោធាការពារព្រំដែនលេខ ៦០១ ចំនួនជាង ១៧០នាក់។
ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងកិច្ចការពារបូរណភាពទឹកដីក៏ដូចជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែននៃប្រទេសជិតខាងផងដែរ។
ឯកឧត្តមអភិបាលខេត្តបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរដល់សុខទុក្ខរបស់បងប្អូនកងកម្លាំងការពារព្រំដែនរបស់យើងនៅគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជារបស់យើងក៏បានជួបនូវវិបត្តិដោយសារជំងឺនេះផងដែរ តែទោះជាយ៉ាងណាក៏ដោយ ស្ថិតក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ទើបធ្វើឱ្យស្ថានភាពជំងឹកូវីដ-១៩ នៅកម្ពុជាមានការធូរស្រាលឡើងវិញ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឱ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមតំបន់ព្រំដែនចូលមកក្នុងសហគមន៍។
ឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់កងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលផ្សេងៗ ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំងក្នុងពិធីនេះគឺក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ម៉ាស ១០បន្ទះ ជែល ១ដប ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល៕ (សភារាជ)