Detail Top Banner

អាជ្ញាធរខេត្តសៀមរាបនឹងចាត់វិធានការចំពោះអ្នកនៅតែបំពានចតយានយន្តឬដាក់សម្ភារៈលក់នៅលើចំណីផ្លូវក្នុងក្រុងសៀមរាប បន្ទាប់ពីការកំណត់ផ្លូវឯកទិស និងការដាក់ស្លាសញ្ញាចរាចរណ៍ចប់សព្វគ្រប់

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការរៀបចំកំណត់ផ្លូវឯកទិស ការដាក់ស្លាសញ្ញាចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពស់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ឋនានាក្នុងខេត្ត ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងជជែកពិភាក្សា និង ពិនិត្យផ្តល់គំនិតយោបល់ដើម្បីប្រមូលធាតុចូល លើការរៀបចំកំណត់ផ្លូវឯកទិស ការដាក់ស្លាសញ្ញាចរាចរ និងការរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវទាំង៣៨ខែ្សដែលទើបតែសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបរបស់យើង ដែលនឹងត្រូវទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឲ្យដំណើរ​ការជាប្រក្រីភាពតាមបែបគន្លងថ្មីឡើងវិញនោះ ដូច្នេះក្នុងឱកាសនេះ ត្រូវពិភាក្សាគ្នាឲ្យបានស៊ីជំរៅ ដើម្បីប្រមូលនូវគំនិតយោបល់ឯកភាពគ្នាហើយ នឹងរៀបចំធ្វើរបាយការណ៍ដាក់ជូនទៅឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ពិនិត្យនិងសម្រេច ។
បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើស្ថានភាពទូទៅលើការធ្វើចរាចរណ៍លើកំណាត់ផ្លូវទាំង៣៨ខែ្ស ដូចជា ៖ ការរៀបចំកំណត់ផ្លូវឯកទិស ការដាក់ស្លាសញ្ញាចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ ប៉ុន្តែក៏មានបញ្ហាមួយចំនួននៅមិនទាន់ឯកភាពគ្នានៅឡើយ ដោយសុំឲ្យមានការចុះទៅពិនិត្យនៅទីតាំងផ្ទាល់តែម្ដង ។
ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ មានប្រសាសន៍បញ្ជាក់ថា ដោយមានសំណូមពរពីអង្គប្រជុំ លោកសម្រេចបង្កើតក្រុកការងារបច្ចេកទេសមួយរួមមាន រដ្ឋបាលខេត្ត ទីចាត់ការអន្តរវិស័យ មន្ទីរសាធារណៈការនិងដឹកជញ្ជូន មន្ទីរដែនដីនគររូបនីយកម្ម រដ្ឋបាលក្រុងសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដើម្បីចុះពិនិត្យនិងវាយតម្លៃនៅលើទីតាំងជាក់ស្តែងនៅតាមបណ្តាផ្លូវទាំង៣៨ខ្សែ ដែលត្រូវពិនិត្យឲ្យបានហ្មត់ចត់ថាតើផ្លូវណាខ្លះគួរអនុញ្ញាតឱ្យឈប់ឬចតបាន ផ្លួវណាខ្លះហាមមិនឱ្យចតឬឈប់នៃយានជំនិះគ្រប់ប្រភេទ កំណត់កំណាត់ផ្លូវណាជាផ្លូវឯកទិស ផ្លូវណាជាផ្លូវទេ្វទិស កំណត់ថ្ងៃសេះឬថ្ងៃគូសម្រាប់​ចត​បាន និងការដាក់ស្លាកសញ្ញាចរាចរណ៍ហាមបត់ឆ្វេង ហាមបត់ស្តាំ ហាមចត ហាមឈប់ និងហាមមិនឱ្យដាក់តាំងលក់សម្ភារៈនិងការលក់ដូរនៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវ និងស្នើសុំដាក់ឈ្មោះផ្លូវដែលមិនទាន់មានឈ្មោះផងដែរ ។
លោកអភិបាលរងខេត្ត បន្តថា បន្ទាប់ពីការកំណត់ផ្លូវឯកទិស និងការដាក់ស្លាសញ្ញាចរាចរណ៍ចប់សព្វគ្រប់ហើយ ក្នុងករណីបើមានអ្នកនៅតែបំពានទៅនឹងសេចក្តីជូនដំណឺងនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវប្រើវិធានការរដ្ឋបាល ឱ្យគាត់ធ្វើកិច្ចសន្យា ហើយបើនៅតែបន្តការបំពានទៀត នឹងឈានទៅរឹបអូសប្រមូលសម្ភារៈរក្សាទុកមួយកន្លែងនិងឱ្យគាត់ធ្វើកិច្ចសន្យានិងចេញសងថ្លៃសេវាដឹកជញ្ជូន ដូច្នេះក្នុងឱកាសនេះ សូមអំពាវ​នាវ​ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ៣៨ខ្សែ សូមចូលរួមអនុវត្តតាមការណែនាំរបស់ អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចទាំងអស់ ដើម្បីភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់របៀប រៀបរយសម្រាប់យើងទាំងអស់គ្នា ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំងនេះ ធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាពព្រមទាំងការពារបាននូវបរិស្ថានរស់នៅល្អ សម្រាប់បំរើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិដែល។
សូមរម្លឹកថា៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទដែលឈប់ឬចតនិងការដាក់តាំងសម្ភារផ្សេងៗការលក់ដូរនៅលើទ្រូងផ្លូវចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប បានស្នើដល់សាធារណៈជនទូទៅ ម្ចាស់លំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា កុំបន្តចតយានជំនិះគ្រប់ប្រភេទ កុំការដាក់តាំងសម្ភារៈផ្សេងៗលើកម្រាលក្រានីត ផ្លូវដើរ ផ្លូវជិះកង់ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវវាបង្កឱ្យមានការខូចខាតដល់ផ្លូវទាំងនោះ ហើយបើនៅតែបន្ត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការទតាមផ្លូវច្បាប់ ៕ អរគុណសន្តិភាព (អត្ថបទ និង រូបថត ៖ លោក យូ វង្ស)
អត្ថបទដែលជាប់ទាក់ទង