ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧
ខេត្តក្រចេះ៖ ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអម ដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ (គីឡូម៉ែត្រលេខ ៣៣១+១២៥) ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (គីឡូម៉ែត្រលេខ ៤២៤+៦៩០) ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តក្រចេះ បងប្អូនប្រជា ពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូល រួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងបានថ្លែងអំណរគុណផងដែរចំពោះក្រសួង -ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីខេត្តក្រចេះ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លី ភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃកំណាត់ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីរាជធានី ភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។
ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ហើយកំណាត់ផ្លូវនេះក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលរបស់ ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែល កើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលផ្តល់ ឱកាសឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស និងបានបន្ថែមថា៖ កម្ពុជាពីមុនជាប្រទេសដែលបរទេសតែងតែយល់ថាជាតំបន់វាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីនគួរឱ្យខ្លាចរអារ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាត្រូវបានប្រែក្លាយជាប្រទេសមួយមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ជាមួយគ្នានោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តក្រចេះ ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត រួមសហការយ៉ាងសកម្មធ្វើឱ្យ សម្រេចនូវសមិទ្ធផលកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីខ្លាស្ទុះ ទៅរមាត ខេត្តក្រចេះ នេះឡើង ៕ អរគុណសន្តិភាព