លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារគម្រោង ជាមួយគណប្រតិភូដៃគូអភិវឌ្ឍន៍តំណាងមកពីអង្គការសហប្រជាជាតិ UNOPS/ATscale និងអង្គការមូលនិធិហ្រ្វេដហូឡូ
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារគម្រោង ជាមួយគណប្រតិភូដៃគូអភិវឌ្ឍន៍តំណាងមកពីអង្គការសហប្រជាជាតិ UNOPS/ATscale និងអង្គការមូលនិធិហ្រ្វេដហូឡូ សរុបចំនួន ១០នាក់ (ស្រ្តី៦នាក់) ក្នុងគោលបំណងពិនិត្យមើ់លលទ្ធភាពកិច្ចសហការជាដៃគូ ដើម្បីជំរុញការទទួលបានឧបករណ៍បច្ចេកទេសជំនួយរាងកាយដល់ជនមានពិការភាព ពិសេសការជំរុញការប្រើប្រាស់វ៉ែនតាក្នុងចំណោមអ្នកមានបញ្ហាភ្នែកម៉្ញូបនៅកម្ពុជា។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនគណប្រតិភូដៃគូអភិវឌ្ឍន៍ អំពីវឌ្ឃនភាពនៃការងារក្រសួងកិច្ចការនារី ក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី លើវិស័យអាទិភាពទាំង៦វិស័យ រួមមានវិស័យសេដ្ឋកិច្ច អប់រំ សុខភាព កិច្ចការពារផ្លូវច្បាប់ ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈនិងនយោបាយ និងការបញ្ជ្រាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីវិមជ្ឈការនិងវិសហមជ្ឈការ ការធ្វើទំនើបកម្មស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស ប្រព័ន្ធតាមដាននិងវាយតម្លៃ ការគ្រប់គ្រងព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តនារីរតនៈទី៥។
វឌ្ឍនភាពទាំងនេះ ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដែលជាសេនាធិការរាជរដ្ឋាភិបាល និងកិច្ចសហការភាពជាដៃគូ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល សង្គមស៊ីវិល និងមានការចូលរួមយ៉ាងសកម្មពីដៃគូអភិវឌ្ឍន៍។
គណប្រតិភូដៃគូអភិវឌ្ឍន៍ មានUNOPS/ATscale តំណាងដោយលោក ប៉ាស់ស្កាល់ ប៊ីឡឹវ៉ែល (Pascal Bijleveld) ជាប្រធាននាយកប្រតិបត្តិ និងអង្គការមូលនិធិហ្រ្វេដហូឡូតំណាងដោយលោក បាក់ តូក្យូ នាយកប្រចាំប្រទេស បានរៀបរាប់សង្ខេបពីគោលបំណងក្នុងការជំរុញឲ្យជនដែលមានពិការភាព ពិសេសស្ត្រី កុមារ និងជនក្រីក្រជាដើម ទទួលបាននូវផលប្រយោជន៍ពីឧបករណ៍បច្ចេកទេសជំនួយរាងកាយ ដូចជាជា វ៉ែនតា រទេះរុញ អវយវៈសិប្បនិម្មិត ឧបករណ៍ជំនួយក្នុងការស្តាប់ ដើម្បីផ្លាស់ប្តូរនូវខ្សែជីវិត និងកសាងភាពជាដៃគូអន្តរវិស័យ ដែលជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ ពង្រីកការងារដែលមានស្រាប់ និងសម្របសម្រួល កៀរគរដៃគូសកលដែលមានយុទ្ធសាស្រ្តរួម ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានឧបករណ៍បច្ចេកទេសជំនួយរាងកាយ ដែលសមស្រប និងមានតម្លៃសមរម្យ ។
លោកជំទាវកិត្តិបណ្ឌិត បានលើកឡើងពីអ្វីដែលក្រសួងអាចចូលរួមបាន ដូចជាការចែករំលែកព័ត៌មាន ការគាំទ្រលើកទឹកចិត្តសមាជិកគ្រួសារ និងការផលិតឧបករណ៍បច្ចេកទេសជំនួយរាងកាយដើម្បីឱ្យមានឥទ្ធិពលទៅដល់ចលនាទីផ្សារ ជាដើម។ លោកជំទាវកិត្តិបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីគណប្រតិភូដៃគូអភិវឌ្ឍន៍ពិចារណា ពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការមានដូចខាងក្រោម៖
– ទី១ : គួរបង្កើតអោយមានក្រុមការងារអន្តរក្រសួងស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជំរុញការឆ្លើយតប និងការទទួលខុសត្រូវរួមគ្នា។
– ទី២ : គៀរគរមូនិធិ បង្កើតជាកញ្ចប់មូលនិធិរួម ដើម្បីអាចមានលទ្ធភាពគ្របដណ្តប់កាន់តែទូលំទូលាយ
– ទី៣ : ផ្តល់ជំនួយបន្ទាន់ ដល់ជនក្រីក្រ និងមានពិការភាព ដែលត្រូវការឧបករណ៍បច្ចេកទេសជំនួយរាងកាយ ជាចាំបាច់
– ទី៤ : ផ្តល់វិភាគទានតម្លៃអនុគ្រោះ រាល់ឧបករណ៍បច្ចេកទេសជំនួយរាងកាយ
– ទី៥ : ជំរុញការប្រើប្រាស់មូលនិធិសមធម៌សង្គម និងធានារ៉ាប់រងសុខភាព ផ្តោតលើជនមានពិការភាព ។
លោក ប៉ាស់ស្កាល់ តាងនាមតំណាងអោយ UNOPS/ATscale សំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគារវកិច្ចដ៏កក់ក្តៅរបស់លោកជំទាវកិត្តិបណ្ឌិត ក្នុងការបើកឱកាសអោយដៃគូអភិវឌ្ឍរួមចំណែក ធ្វើការភាពជាដៃគូជាមួយក្រសួងក្នុងការជំរុញការទទួលបានឧបករណ៍បច្ចេកទេសជំនួយរាងកាយ ដល់ជនមានពិការភាព ដែលកំពុងត្រូវការយ៉ាងចាំបាច់។ លោកនឹងពាំនាំការពិភាក្សានេះ និងអនុសាសន៍ពីលោកជំទាវ ទៅពិភាក្សា និងគៀរគរដៃគូ និងម្ចាស់ជំនួយ ពីអ្វីដែលក្រសួងអាចធ្វើបាន និងអ្វីដែលដៃគូអភិវឌ្ឍអាចរួមចំណែក ដើម្បីមានលទ្ធភាពជួយដល់ជនមានពិការភាពនៅកម្ពុជា នាពេលអនាគត ៕ អរគុណសន្តិភាព