ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តចុះត្រួតពិនិត្យ សកម្មភាពដឹកជញ្ជូនផលនេសាទ(ផ្លូវគោក-ផ្លូវទឹក)តាមតំបន់ព្រំដែនស្រុកកោះធំ
ខេត្តកណ្តាល៖ ដើម្បីលុបបំបាត់ការនាំចូលផលនេសាទបែបអនាធិបតេយ្យនៅតាមតំបន់ព្រំដែនក្នុងស្រុកកោះធំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជំុវិញសាលាខេត្តនិងអាជ្ញាធរស្រុកកោះធំ បើកកិច្ចប្រជុំ និងចុះធ្វើការត្រួតពិនិត្យ សកម្មភាពលើកដាក់ ដឹកជញ្ជូននាំចេញនាំចូលផលនេសាទ(ផ្លូវគោក-ផ្លូវទឹក) តាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល។
លោក ហេង សុធារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឱ្យដឹងថា នៅស្រុកកោះធំ មានទីតាំងលើកដាក់ដឹកជញ្ជូននាំចេញនាំចូលផលនេសាទ ចំនួន ៦ទីតាំង ដែលបាននាំចូលផលនេសាទពីប្រទេសវៀតណាម។ ដោយឡែកសម្រាប់ការនាំចេញផលនេសាទ ចេញក្រៅប្រទេសគ្មានទេ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការចុះធ្វើការត្រួតពិនិត្យនេះដែរក្នុងគោលបំណងលុបបំបាត់ភាពអនាធិបតេយ្យ និងមិនមានការគ្រប់គ្រងបានត្រឹមត្រូវច្បាស់លាស់ក្នុងការលើកដាក់ដឹកជញ្ជូននាំចេញនាំចូលផលនេសាទដែលនាំអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកកោះធំត្រូវរួមសហការគ្នាអនុវត្តន៍តាមជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីលុបបំបាត់នូវភាពអាណាធិបតេយ្យនេះឲ្យមានប្រសិទ្ធិភាពនិងបង្កើនចំណូលជូនរដ្ឋ។
បន្ទាប់ពីចុះពិនិត្យទីតាំងខាងលើក្រុមការងារបានពិនិត្យឃើញថាមានទីតាំងមិនសមរម្យគ្មានចំណតត្រឹមត្រូវជាច្រើនទៀតដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរទីតាំងនេះផ្ទាល់ផងដែរ។
ឯកឧត្តមបានជំរុញដល់មន្ត្រីជំនាញ ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យការលើកដាក់ដឹកជញ្ជូននាំចេញនាំចូលផលនេសាទឲ្យមានទីតាំងស្របតាមច្បាប់និងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជុំវិញនេះឡើយ ៕ អរគុណសន្តិភាព(សភារាជ)