សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងសេអ៊ូល ដោយសុវត្ថិភាព
ប្រទេសកូរ៉េ៖ នៅរសៀលម៉ោង២.៣៥នាទី(ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង១២.៣៥នាទី ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងសាធារណរដ្ឋកូរ៉េ និងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងដំណើរនៃការអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិអ៉ីនឆន់ ទីក្រុងសេអ៊ូលរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការបរទេសកូរ៉េ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថាគន្លឹះចំនួន៣ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ម៊ូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ រួមទាំងការជួបសន្ទនាជាមួយ ឯកឧត្តម លី ចេមីយ៉ុង បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យកូរ៉េ ឯកឧត្តម យ៊ូន សឹកយូល បេក្ខជនប្រធានាធិបតេយ្យ មកពីគណបក្សអំណាចប្រជាជនកូរ៉េ និងជួបដោយឡែកជាមួយ លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូលនិធិសហព័ន្ធសន្តិភាពសកល។
ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thomas G Walsh ប្រធានអង្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ខកូរ៉រ ជាច្រើនរូប។
គួបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។
នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញនិងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង៕ អរគុណសន្តិភាព